ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងដឹកបន្លែប៉ះជាមួយម៉ូតូនៅផ្លូវបំបែកជាបួនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តសាំយ៉ុងដឹកបន្លែយ៉ាងលឿនទៅដល់ផ្លូវបំបែកជាបួនបានជ្រុលចង្កូតទៅប៉ះជាមួយម៉ូតូដែលបើកឆ្លងផ្លូវពេញទំហឹងជាប់ម៉ូតូនៅក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត្រ បណ្ដាលឱ្យបុរសម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1C-4848 តាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុងដឹកបន្លែ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-5909 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២៨៩ ពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលទៅប៉ះជាមួយម៉ូតូបើកឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យម៉ូតូជាប់ក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត្រធ្វើឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

     បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងនិងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖