ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការពាក់ព័ន្ធបៀតបៀនកេរ្តិ័ខ្មាសលើកូនស្រីចុងអាយុ៦ឆ្នាំ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋាននគរបាលស្រុកគូលែននៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២២នេះ បានបញ្ជូនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីចុងអាយុ៦ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

 មន្ត្រីនគរបាល ផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋាននគរបាលស្រុកគូលែន បានឲ្យដឹងថាជនសង្ស័យឈ្មោះ ហ៊ីម ធីម ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកចុង) ។ រីឯជនរងគ្រោះ ភេទស្រី អាយុ ០៦ឆ្នាំ (កូនប្តីដើមរបស់ប្រពន្ធ)។

តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះប្រាប់ម្តាយថា កាលពីរសៀលថ្ងៃទី៩ខែមករាឆ្នាំ២០២២ ពេលម្តាយនាងមិននៅផ្ទះ ឪពុកចុងបានលួងលោមនាងដើម្បីរួមភេទតែមិនស៊ីជម្រៅដោយយកដៃទៅប៉ះពាល់ប្រដាប់ភេទបណ្តាលឲ្យរបួស។ ស្អែកឡើងក្រោយពីម្តាយមកផ្ទះវិញ ឃើញនាងឈឺប្រដាប់ក៏សួរនាំហើយនាងក៏ប្រាប់តាមត្រង់តែម្តងទៅ។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថាក្រោយដឹងរឿងនេះភ្លាម ម្តាយក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរស្រុកគូលែនហើយសមត្ថកិច្ចក៏ឃាត់ខ្លួនឪពុកចុងកំហូចយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីរងគ្រោះប្រាកដមែន ទើបសមត្ថកិច្ចជំនាញ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖