ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ) បេី​កសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ លើសេចក្តីព្រាងចំនួនបួនស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការពារអ្នកប្រើប្រាស់”

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ភ្នំពេញ មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងចំនួនបួនស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការការពារអ្នកប្រើប្រាស់” ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានក.ប.ប. សមាជិក និងជាលេខាធិការនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ) ក្រោមគម្រោង “កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន (PROTECT)”។ សិក្ខាសាលានេះ សម្របសម្រួលដោយការិយាល័យមេធាវី សេដ្ឋាល័យ។ 

ប្រភពដដែលបន្តថា​ សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើង ក្នុងគោលបំណងស្វែងរកធាតុចូលពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងឯកសារគិតយុត្ត ចំនួនបួនស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលមានដូចជា៖

       ១. សេចក្តីព្រាងកម្មវិធីថ្នាក់ជាតិស្តីពីកិច្ចការអ្នកប្រើប្រាស់ (National Consumer Protection Program)

       ២. សេចក្តីព្រាងប្រកាសស្តីពីកិច្ចសន្យាមិនសុចរិត (Unfair Contract Clause)

       ៣. សេចក្តីព្រាងប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់ (Cooling-Off Period)

       ៤. គោលការណ៍ណែនាំស្តីពីគម្រោងលក់បែបពីរ៉ាមីដ (Pyramid Selling Scheme) និងការលក់បែបទីផ្សារពហុកម្រិត (Multi-Leveling Marketing)

ឆ្លៀតក្នុងឱកាសនេះ លោក ផាន អូន បានលើកឡើងថា សិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារសំខាន់មួយនេះ នឹងប្រមូលធាតុចូលសំខាន់ៗក្នុងការកសាងឯកសារគតិយុត្តទាំងបួន ពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀត ក្នុងន័យជំរុញឱ្យសេចក្តីព្រាងនៃឯកសារទាំងបួន មានលក្ខណៈកាន់តែល្អប្រសើរឡើង សំដៅធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ និងធុរជនធ្វើសកម្មភាពជាមួយគ្នាប្រកបដោយទំនុកចិត្ត និងមានការទទួលខុសត្រូវ រួមចំណែកដល់ការកសាងសង្គមយើងឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

ដោយ​៖ស​ តារា​


ចែករំលែក៖