ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សានៅកាហ្សាក់ស្ថាន ខាតបង់សេដ្ឋកិច្ចចាប់ពី២-៣ពាន់លានដុល្លារ

ចែករំលែក៖

តាមការវាយតម្លៃជាបឋមរបស់រដ្ឋាភិបាលកាហ្សាក់ស្ថានបានឱ្យដឹងថា ការខាតបង់សេដ្ឋកិច្ចដោយបាតុកម្មហិង្សានៅក្នុងប្រទេសនេះនាពេលកន្លងមក គិតជាទឹកប្រាក់មានចាប់ពី២-៣ពាន់លានដុល្លារ។
នៅក្នុងជំនួបពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោក Charles Michel ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym Tokayev បានលើកឡើងថា អំពើហិង្សាដែលបានកើតឡើងនៅក្នុងប្រទេសនេះគឺជាសកម្មភាពឈ្លានពានមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចាប់តាំងពីប្រទេសទទួលបានឯករាជ្យមកទល់ពេលនេះ។
សកម្មភាពបង្កហិង្សាបង្កើតឡើងដោយក្រុមភេរវកម្ម បណ្តាលឱ្យមនុស្សជាច្រើនស្លាប់និងរបួស ។ មានទីតាំងធ្វើអាជីវកម្មរហូតដល់ទៅ ១៣០០កន្លែងរងការខូចខាត និងមជ្ឈមណ្ឌលផ្សារទំនើប ធនាគារ១០០កន្លែងរងការវាយប្រហារ ។ រថយន្តប៉ូលិសប្រមាណ៥០០គ្រឿងរងការដុតបំផ្លាញ។
ការខាតបង់ជាបឋមពីសកម្មភាពហិង្សាកើនឡើងដល់ទៅ ២-៣ពាន់លានដុល្លារ។ ទន្ទឹមនឹងនោះប្រធានាធិបតី Tokayev បញ្ជាក់ថា ក្រុមដែលចូលរួមប្រព្រឹត្តអំពើហិង្សានៅកាហ្សាក់ស្ថាន មានក្រុមឧទ្ទាមមកពីក្រៅប្រទេស ក្នុងនោះមានអាហ្វហ្គានីស្ថាននិងប្រទេសតំបន់មជ្ឈិមបូព៌ា៕ ដោយ៖ធីរីណា

រូបថត៖ AP


ចែករំលែក៖