លេចចេញសារសាទរជាច្រើនផ្ញើទៅកាន់តារាសម្តែងជើងចាស់ លោកស្រី អម្ពរទេវី ក្រោយពីគេទទួលបានដំណឹងថាលោកស្រីទទួលបានចៅប្រុសជាលើកដំបូង។ សារនេះត្រូវបានបញ្ចេញក្រោយពីលោកស្រីបានប្រកាសអំពីដំណឹងនេះនៅលើបណ្តាញសង្គមគឺកូនប្រុសច្បងរបស់លោកស្រីដែលមានភរិយារួចហើយនោះទទួលបានតំណក់ឈាមកូនដំបូង។
លោកស្រីក៏បានទាំងបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកស្រី ដោយបានបញ្ជាក់ថា “ ជម្រាបសួរ ពុកម៉ែ អុំ ពូ មីង បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យ នោះគឺជាកំណើតចៅប្រុសដំបូងរបស់នាង ខ្ញុំឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun. ជាទីស្រឡាញ់ ដែលបានចាប់កំណើតក្នុង ក្រុមគ្រួសារ របស់យើង។ ជាក្ដីសោមនស្ស ដ៏ពន់ពេក និងជាអារម្មណ៍ដ៏ពិសេស ក្នុងនាមជាជីដូនមួយរូប និង ជាម្ដាយក្មេក។ ម៉ាក់ សូមជូនពរកូនឆាប់មានសុខភាពល្អប្រសើរឡើងវិញ និងសូមជូនពរឱ្យចៅប្រុសមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាបុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និង ភាពកក់ក្ដៅពីរអ្នកផងទាំងពួង”។
គួរបញ្ជាក់ដែរថា កន្លងទៅមានការភ្ញាក់ផ្អើលម្តងរួចមកហើយអំពីកូនប្រុសដ៏ស្រស់សង្ហារបស់លោកស្រីអម្ពរទេវី បានចូលរៀនផ្នែកយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិច ។កូនប្រុសច្បងរបស់លោកស្រីមានឈ្មោះហៅក្រៅថា Zoli Phirun បានចូលសិក្សាវគ្គបណ្តុះបណ្ដាលពិសេសក្នុងជួរកងទ័ពជើងអាកាស15E ដោយរៀនពីការជួសជុល និងរក្សាប្រព័ន្ធគ្រប់គ្រងលើយន្តហោះគ្មានមនុស្សបើក គឺជាយន្តហោះចម្បាំង៕
ដោយ ៖ វឌ្ឍនា