ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកសាលាក្រៅឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី(ឆបោក)ខ្ចីរថយន្តគេរួចបើកគេចបាត់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍លោក មាឃ សារ៉ន អធិការនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា                                                                                                                   កាលពីវេលាម៉ោង ១៣និង៣០ នាទី ថ្ងៃអង្គារ ០៩ កើត ខែបុស្ស ឆ្នាំឆ្នូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងពីករណី ឆបោក ( ខ្ចីរថយន្ត ) មួយករណីនៅក្នុងចំណុចផ្សារក្រោម ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 លោកអធិការបានបន្តថាជនរងគ្រោះមានឈ្មោះ មាស រ៉ាឌី ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកសង្កែ ខេត្តបាត់ដំបង ។

 បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់សមត្តកិច្ចថា÷សម្ភារដែលត្រូបានជនសង្ស័យខ្ចីយកទៅបាត់ មាន រថយន្ត ម៉ាក តូយ៉ូតា អ៊ាលផា មួយគ្រឿងស៊េរី ឆ្នាំ ២០០៦ ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង 2C-1157។រីឯជនសង្ស័យដែលខ្ចីរថយន្តនោះមានឈ្មោះ អ៊ុក ដារ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់តាក់ស៊ី បច្ចុប្បន្នមានទីលំនៅរស់នៅភូមិអូតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន  ខេត្តប៉ៃលិន ។

   តាមជនរងគ្រោះបានរៀបរាប់បន្តថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ ជនរងគ្រោះបានអង្គុយហូបបាយជុំគ្នាចំនួន ០៣ នាក់ ហើយបន្ទាប់ជនសង្ស័យបានសុំយករថយន្តខាងលើទៅលាងម្ចាស់ក៏ឱ្យ។ រហូតដល់ល្ងាចមិនឃើញត្រឡប់មកវិញ ទើបជនរងគ្រោះទូរស័ព្ទទៅរក តែជនសង្ស័យបាននិយាយថាចាំព្រឹកចាំយករថយន្តទៅឲ្យវិញ ហើយក៏បានបិទទូរស័ព្ទពុំព្រមលើក។ រហូត មកដល់ម៉ោង១៦  ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ទើបជនរងគ្រោះឃើញជនសង្ស័យនៅខេត្តប៉ៃលិន ហើយក៏បានរាយការណ៍មកកាន់សមត្ថកិច្ច ដើម្បីឲ្យនាំខ្លួនជនសង្ស័យសួរនាំ តែម្តង។

 ក្រោយពីកម្លាំងជំនាញសាកសួរចប់សព្វគ្រប់ ក៏សន្និដ្ឋានថា ចុងបណ្ដឹងពិតជាជាប់ពាក់ពន្ធ័ក្នុងករណីខាងលើប្រាកដមែន   ហេតុដូចនេះ ទើបកម្លាំងជំនាញសុំគោលការណ៍ពីលោក ឧត្តមសេនីយ៍  ស្នងការធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីបន្តនីតិវិធីតែម្តងទៅ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖