ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុម ការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមជាវត្តមាននៅក្នុងបន្ទប់សវនាការនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីស្តាប់ការប្រកាសសាលក្រមចំពោះ បុរសអាយុ ៣៩ឆ្នាំ ឈ្មោះ នន់ ចាន់សារ៉េត ពីបទឃាតកម្មទៅលើប្រពន្ធ និងកូនៗ៤នាក់របស់ខ្លួន ដែលមានអាយុ ៩ឆ្នាំ, ៧ឆ្នាំ (កូនភ្លោះ), និង៣ឆ្នាំ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
ក្នុងពេលប្រកាសសាលក្រម លោកចៅ ក្រម អ៊ី ថាវរៈ បានមានប្រសាសន៍ថា “បទល្មើសទាំងនេះគឺពោរពេញដោយភាពឃោរឃៅ និងព្រៃផ្សៃ ហើយសម ស្របជាមួយទម្ងន់ទោសដែលខ្ពស់បំផុត។” នៅពេលនោះ ជនល្មើសត្រូវបានតុលាការផ្តន្ទាទោសជាប់ពន្ធនាគារអស់ មួយជីវិត។ ទោសជាប់ពន្ធនាគារអស់មួយ ជីវិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានន័យថាជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានឱកាសក្នុងការលើកលែងទោស ឬនៅក្រៅការឃុំ។
ក្រុមការងារចម្រុះ “INDIA21” ដែលត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គភាពការពារកុមារ (CPU), ក្រសួង មហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត, និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានធ្វើការជាបន្តបន្ទាប់អស់រយៈពេល ៣ថ្ងៃដើម្បីប្រមូលគ្រប់ភស្តុតាង ដែលមាននៅកន្លែងកើតហេតុ និងពិគ្រោះយោបល់ជាមួយអ្នកជំនាញ ឯកទេសផ្នែកកោសល្យវិច័យសាកសព និងផ្នែកអគ្គិភ័យ និងសារធាតុផ្ទុះ នៅប្រទេសអូស្ត្រាលី ដើម្បីរៀបឡើងនូវសំណុំរឿងដែលល្អបំផុត ដើម្បីដាក់បន្ទុកលើជនល្មើស។
លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) ដែលបានដឹកនាំការឆ្លើយតបរបស់ក្រុម ការងារ CPU បាននិយាយថា “ចាប់តាំងពីយើងបានធ្វើកោសល្យវិច័យសាកសព និងកន្លែងកើតហេតុ លើកដំបូង យើងបានយល់ឃើញថាមានចំណុចគួរអោយសង្ស័យជាច្រើន ហើយដំណើររឿងរបស់ជន សង្ស័យអំពីមូលហេតុផ្តើមអគ្គិភ័យ និងស្ថានភាពកន្លែងកើតហេតុគឺមិនសមស្របនឹងគ្នា។”
លោក James McCabe និយាយថា “ការបាត់បង់ជីវិតរបស់កុមារជាច្រើននាក់បែបនេះគឺជាទង្វើដ៏ឃោរឃៅមួយ ដែលបានប៉ះពាល់ដល់យើងទាំងអស់គ្នា។ យើងខ្ញុំ សូមថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានជួយក្នុងការស៊ើប អង្កេតមួយនេះ ដោយមានការប្តេជ្ញារបស់អ្នកទាំងអស់គ្នាទើបយើងអាចប្រមូលភស្តុតាងដាក់បន្ទុកទៅលើជនល្មើស ចំពោះទង្វើដ៏ឃោរឃៅមួយនេះ។
“នេះគឺជាការបំពេញតួនាទីដ៏អស្ចារ្យមួយ ដោយមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ដែលបានធ្វើអោយប្រាកដថា កុមាររងគ្រោះ និងម្តាយរបស់ពួកគេបានទទួលនូវយុត្តិធម៌។” លោក James McCabe បាននិយាយបន្ថែម។
នៅក្នុងថ្ងៃនេះ លោកចៅក្រម អ៊ី ថាវរៈ បានផ្តន្ទាទោសជនល្មើស ជាមួយស្ថានទម្ងន់ទោសដែលសមស្របទៅនឹងទង្វើដែលគេបានប្រព្រឹត្ត ហើយយើងសូមថ្លែងអំណរគុណទៅដល់តុលាការ ចំពោះមុខឱ្យជនរងគ្រោះ និងក្រុមគ្រួសាររបស់គេ៕
ដោយ៖ សូរិយា