ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំស្តីពីការចាប់ផ្ដើមអនុវត្តគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ គម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្រោមជំនួយរបស់រដ្ឋាភិបាលអាមេរិក (USAID) តាមរយៈអង្គការសហប្រជាជាតិ (UNOPS) ដែលមានទិសដៅស្នូលក្នុងការផ្តល់លទ្ធភាពដល់ប្រជាជន និងសិស្សានុសិស្សនៅតាមសាលារៀន ឱ្យទទួលយកសេវាសុខភាពភ្នែកដែលមានបញ្ហាគំហើញថយចុះ និងមកទទួលបានវ៉ែនតាប្រកបដោយគុណភាព។ 

គម្រោងនេះនឹងផ្ដល់សេវាបម្រើដល់សិស្សានុសិស្សនៅតាមសាលារៀនចំនួន១៤០.០០០នាក់ ក្នុងការទទួលបានការពិនិត្យលើគំហើញ ចំណែកគ្រូបង្រៀន ចំនួន១ ២៩៨នាក់ នឹងទទួលបានការបណ្តុះបណ្តាលលើជំនាញពិនិត្យគំហើញ ខណៈដែលសិស្សានុសិស្សប្រហែល ១លាននាក់ផ្សេងទៀត នឹងទទួលបានការយល់ដឹងអំពីការអប់រំសុខភាព ជាពិសេសសុខភាពភ្នែក ធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។ 

បន្ថែមពីនេះ ការអនុវត្តគម្រោងបានផ្តល់ការគាំទ្រលើការបោះពុម្ពសៀវភៅសិក្សាគោលសម្រាប់គ្រូ និងសិស្ស សម្រាប់ផ្ដល់ជូនគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីគាំទ្រដល់ការបង្រៀន និងរៀន មុខវិជ្ជាអប់រំសុខភាព។ ក្រសួងអប់រំបានត្រៀមខ្លួនក្នុងការអនុវត្តការងារដើម្បីទទួលបានជោគជ័យ និងពង្រឹងកិច្ចសហការជាមួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិសុខភាពភ្នែក និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីឱ្យគម្រោងនេះទទួលបានផ្លែផ្កាប្រកបដោយគុណតម្លៃ។

សូមជម្រាបថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែមករា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាសកម្មភាពជនពិការ។  កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីមន្ទីរសុខភិបាលក្នុងខេត្តគោលដៅទូទាំង១៦ រាជធានីព្រមទាំង អង្គការដៃគូផ្នែកសុខភាពភ្នែក និងស្ថាប័នពាក់ព័ន្ធនានាសរុបចំនួន ៩០រូប៕

ដោយ ៖ សិលា


ចែករំលែក៖