ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដឹកហ្គាសបុកជាមួយរថយន្តកុងតឺន័របើកស្របទិសគ្នាពីក្រោយលាន់សូរដូចរន្ទះ តែសំណាងមិនមានមនុស្សរងគ្រោះថ្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបង្កឡើងដោយរថយន្តធុនធំដឹកហ្គាសប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយរថយន្តកុងតឺន័របើកស្របទិសគ្នាពីក្រោយពេញទំហឹងលាន់សូរដូចរន្ទះ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២២នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើករថយន្តបង្កហេតុមានឈ្មោះព្រិល សុធារិទ្ធ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកហ្គាស ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៣៧២៦ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ចំណែករថយន្តកុងតឺន័រម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ៧០C១២១.៧១ បើកបរដោយឈ្មោះ វ៉ ម៉ិញ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបរ មានទីលំនៅភូមិហម៉ិញ ឃុំទុយហ្វង់ ស្រុកប៊ិនថាន់ ខេត្តប៊ិនថាន់ ប្រទេសវៀតណាម។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តធុនធំដឹកហ្គាសមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៣៧២៦បើកលើផ្លូវជាតិលេខ១ពីកើតទៅលិចដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានទៅបុកជាមួយរថយន្តកុងតឺន័រម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ៧០C១២១.៧១ដែលបើកក្នុងទិសដៅស្របគ្នាពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ តែសំណាងមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតឡើយ។

ក្រោយមកសមត្ថកិច្ចនគរបាលចរាចរណ៍បានមកដល់ធ្វើការវាស់វែងនិងអូសយករថយន្តទាំងពីរគ្រឿងទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយគ្នាតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖