ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីបាត់ក្មេង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២២នេះ​ថា៖​បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី១០ ខែមករា ២០២២ វេលាប្រហែល១៣​ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលបណ្តឹងពីឈ្មោះ ប៉ៃ សៀងហេង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្ដីពីករណីបាត់កូនឈ្មោះ មករា គុណណា ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ នៅវេលាម៉ោង ១០​ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ក្រោយពីទទួលបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក៏បានរាយការណ៍ជូនលោកវរសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ ក៏ដូចជាកម្លាំងផ្នែកជំនាញ និងផ្សព្វផ្សាយតាមវិទ្យុទាក់ទង និងស្វែងរកតាមកាំមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ជាលទ្ធផលតាមកាំមេរ៉ាសុវត្ថិភាព ពិនិត្យឃើញថា មានសកម្មភាពមនុស្សប្រុសម្នាក់ដើរតាមដងផ្លូវ ពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចក្មេងប្រុសកំពុងអង្គុយលេងលើរទេះដែលគេទុកចោលមុខផ្ទះ មនុស្សប្រុសនោះក៏លូកដៃទៅកាន់ក្មេង ហើយក្មេងបានទៅតាមមនុស្សប្រុសនោះ។

ខណៈដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវ ក៏បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋនៅក្នុងសង្កាត់បាក់ខែង បានប្រទះឃើញក្មេងប្រុសម្នាក់ដើរយំតាមផ្លូវ ហើយប្រជាពលរដ្ឋបាននាំក្មេងនោះប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង ហើយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានទំនាក់ទំនងទៅម្តាយក្មេងរងគ្រោះឲ្យទៅមើល ហើយគាត់បានអះអាងថាពិតជាកូនរបស់គាត់មែន បន្ទាប់មកលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង និងតំណាងសាលាសង្កាត់បាក់ខែង និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានប្រគល់ក្មេងប្រុសឈ្មោះ មករា គុណណា ឲ្យទៅឪពុកម្តាយវិញ។ 

ចំណែកជនសង្ស័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងផ្នែកជំនាញ កំពុងធ្វើការស្រាវជ្រាវ បន្តទៀតដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ យកទៅអនុវត្តបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖