ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយម៉ូតូ២គ្រឿងរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តកុងតឺន័រម៉ាកHYUNDAI បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយម៉ូតូ ម៉ាកZOOMER-X រួចបន្តទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មួយគ្រឿងទៀតដែលបើកបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

    បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសរងគ្រោះត្រូវគេស្គាល់ឈ្មោះថា ឃុន សារិត របួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈគាត់ជិះម៉ូតូ ម៉ាកZOOMER-X ពណ៌ខ្មៅស  ពាក់ស្លាកលេខ ស្វាយរៀង ១R-០៥៧៤ ។

   ចំណែកភាគីម៉ូតូម្ខាងទៀតមានឈ្មោះ យក់ សំណាង ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង ១N-៤៨២៧។

   រីឯអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់បន្សល់តែរថយន្តកុងតឺន័រ ម៉ាកHYUNDAI ពណ៌ត្រួយចេក អត់ស្លាកលេខ ។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តកុងតឺន័រ ម៉ាកHYUNDAI ពណ៌ត្រួយចេក មិនមានស្លាកលេខលើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតដោយបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ពេលនោះស្រាប់តែបុកជាមួយម៉ូតូម៉ាកZOOMER-X ពណ៌ខ្មៅស  ពាក់ស្លាកលេខ ស្វាយរៀង ១R  -០៥៧៤ ដែ់លបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បន្តទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង ១N- ៤៨២៧ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែម្ដង។

    មធ្យោបាយធ្វើដំណើរទាំង៣គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖