ខេត្តកែប៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេក ព្រះអង្គប្រក់នាគកម្ពស់ទាំងនាគ១៥ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងវត្តសត្ថាធម្មវិហារ (ភ្នំពោន) ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធី និងបានថ្លែងអំណរព្រះគុណព្រះកែបធម្មសម្រាន្តមុនី ផាត់ ធួក ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសមុទ្ទទេវរង្សី ព្រះមេគណខេត្តកែប និងជាចៅអធិការ វត្តសត្ថាធម្មវិហារ (ភ្នំពោន) ដែលបានដឹកនាំកសាង និងអភិវឌ្ឍន៍នៅក្នុងវត្ត ។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលបានរួមគ្នាកសាងសមិទ្ធផលជាច្រើនទៀតនៅក្នុងវត្ត ជាពិសេសសូមថ្លែងអំណរ គុណដល់ឧបាសិកា នាង ហួន និងលោកស្រី ទ្រី សុខា ព្រមទាំងបុត្រ ដែលមានសទ្ធាជ្រះថ្លាក្នុងការកសាងបញ្ចប់រួចរាល់ជាស្ថាពរព្រះអង្គប្រក់នាគដ៏ស្កឹមស្កៃ ដើម្បីទុកជាទីគោរពសក្ការៈ ។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា តាមរយៈ សមិទ្ធផលជាច្រើននៅក្នុងវត្ត នឹងប្រែក្លាយវត្តនេះទៅជាវត្តរមណីយដ្ឋានពុទ្ធសាសនា វប្បធម៌ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិមកថ្វាយបង្គំព្រះ និងទស្សនា ដោយការផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៅលើកំពូលភ្នំ ដែលពោរពេញទៅដោយសមុទ្រជុំវិញខៀវស្រងាត់ និងមានទីតាំងស្ថិតក្នុងភូមិសាស្ដ្រអំណោយផលល្អ ដូចជា មានព្រៃព្រឹក្សា មានដើមកោងកាងដែលមានជីវៈចម្រុះផ្ដល់នូវផលប្រយោជន៍ប្រព័ន្ធអេកូឡូស៊ី មានឆ្នេរខ្សាច់យ៉ាងល្អស្អាត និងអាកាសធាតុល្អបរិសុទ្ធ។ ម៉្យាងទៀត តាមរយៈវត្តនេះក៏បានលើកស្ទួយដល់ការអភិវឌ្ឍខេត្ត និងលើកកម្ពស់សោភណភាពរបស់ខេត្តកែបបានថែមមួយកម្រិតទៀត។
លោកស្រី ក៏បានអំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅពាសពេញពិភពលោក៕
ដោយ ៖ សំរិត