នៅថ្ងៃទី១៤ខែមករា ហុល្លង់បានប្រកាសធ្វើពហិការការទូតអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ២០២២នេះ ។ ក្រោយការប្រកាសរបស់ហុល្លង់ ប្រទេសដាណឺម៉ាក់ក៏បានប្រកាសធ្វើពហិការផងដែរ។
រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Jeppe Kofod បានប្រកាសថា រដ្ឋាភិបាលដាណឺម៉ាក បានសម្រេចមិនបញ្ជូនមន្ត្រីការទូតចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុងប៉េកាំងឡើយ។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក់បញ្ជាក់ថា គ្មានអ្វីអាថ៌កំបាំងឡើយ ការមិនបញ្ជូនមន្ត្រីការទូតទៅចូលរួមគឺបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។
នៅមុនការសម្រេចរបស់ដាណឺម៉ាក អ្នកនាំពាក្យក្រសួងការបរទេសហុល្លង់ លោក Frits Kemperman បានប្រកាសថា នឹងមិនបញ្ជូនគណៈប្រតិភូទៅចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងនោះឡើយ ដោយសារតែវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩របស់ចិន។
ប្រទេសដែលធ្វើពហិការបញ្ជូនមន្ត្រីការទូតទៅចូលរួមដំបូងគេបង្អស់គឺអាមេរិក ដោយអាមេរិកចោទប្រកាន់ចិនមិនគោរពសិទ្ធិមនុស្ស។ បន្ទាប់មកគឺប្រទេស អូស្ត្រាលី អង់គ្លេស ជប៉ុន ក៏បានដើរតាមអាមេរិកមិនបញ្ជូនមន្ត្រីការទូតទៅចូលរួមផងដែរ ៕
ដោយ៖ធីរីណា(រូបថត៖Reuters)