ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ស​ សុខា​ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងកំណត់ទិសដៅឆ្នាំ២០២២ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖ នៅថ្ងៃសៅរ៍ទី​១៥​ ខែមករា​ ឆ្នាំ​២០២២នេះ​ ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចូលរួមជាគណៈអធិបតីពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងកំណត់ទិសដៅឆ្នាំ២០២២ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ។

ក្នុងរយៈពេល ១ឆ្នាំនេះ (២០២១) ក្នុងនាមប្រធានសហព័ន្ធ សូមអរគុណចំពោះ លោក លោកស្រី អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង គ្រូបង្វឹក គ្រូជំនួយ មន្ត្រី កីឡាករ កីឡាការិនី និងផ្នែកពាក់ព័ន្ធទាំងអស់ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបានប្រឹងយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញកិច្ចការងារ និងរិះរកមធ្យោបាយ ធ្វើអោយសហព័ន្ធមានដំណើរការល្អ ទាំងការហ្វឹកហាត់ ការប្រកួត និងការអនុវត្តផែនការសកម្មភាពក្នុងវិបត្តិកូវីដ-១៩ រហូតដល់ឈ្នះមេដាយមាស ១គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតប៉េតង់ជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ដោយកីឡាការិនី អ៊ុក ស្រីមុំ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ។ តាមរយៈមេដាយមាស ១គ្រឿងនេះ បានរុញច្រានឲ្យកម្ពុជា ឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី ពិភពលោក ចំនួន ៥សម័យជាប់គ្នា ដែលមិនទាន់មានប្រទេសណាធ្វើបាន ។

ជោគជ័យជាផ្លែផ្កាសម្រាប់កូនចៅជំនាន់ក្រោយ មកដល់បច្ចុប្បន្ននេះ យើងមិនភ្លេចទេសម្រាប់ការពលីរបស់វីរបុរសជំនាន់មុន ។ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កកើតនៅឆ្នាំ១៩៩២ ក្រោមការត្រួសត្រាយផ្លូវរបស់សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងស្ថាបនិកជាច្រើនរូបទៀត ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីជំរុញវិស័យកីឡាប៊ូល និងប៉េតង់ ក្នុងប្រទេសកម្ពុជា ទទួលបានភាពល្បីល្បាញ និងការកោតសរសើរទូទាំងសកលលោក និងរហូតក្លាយជា “មហាអំណាចលើកីឡាប៊ូល និងប៉េតង់” តាមរយៈការឈ្នះមេដាយសរុប ៣៧០គ្រឿង (មាស ១០៨គ្រឿង ប្រាក់ ១៣១គ្រឿង សំរឹទ្ធ ១៣១) លើឆាកអន្តរជាតិ៕

ដោយ​៖សហការី​


ចែករំលែក៖