ខេត្តកណ្ដាល៖ យ៉ាងហោចណាស់ក៏មានស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូ កាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិចំការតាង៉ែត ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ស្ត្រីរងគ្រោះស្លាប់ឈ្មោះ អឿន ស្រីម៉ុច អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអន្លង់បារាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កម្មការិនីរោងចក្រ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្ដាល 1Y- 6913 មានអ្នករួមដំណើរជាមួយឈ្មោះ សួស រឿន ភេទស្រី អាយុ១៤ឆ្នាំ របួសធ្ងន់ (ត្រូវជាកូនបង្កើត)។ ចំណែកភាគីម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HP -4571 បើកបរដោយឈ្មោះទ្រី អុីត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរកម្មកររោងចក្រ (រងរបួសធ្ងន់ ) មានអ្នករួមដំណើរជាមួយឈ្មោះ ផាត និត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរកម្មកររោងចក្រ រងរបួសធ្ងន់ (ជិះខាងក្រោយ)។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ គេបានឃើញស្ត្រីរងគ្រោះដែលស្លាប់ជិះម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ តាមបណ្ដោយផ្លូវក្នុងទិសដៅពីលិចទៅកើត ដោយមានអ្នករួមដំណើរម្នាក់ផងដែរ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ជិះគ្នា២នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយល្បឿនលឿន ជិះចូលក្នុងចំណែកផ្លូវម្ខាងទៀត(មិនប្រកាន់ស្ដាំំ)បានមកបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យស្ត្រីរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាឌ្រីម ស៊េរី២០១៨បោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯកូនស្រីម្នាក់រួមដំណើរជាមួយរបួសធ្ងន់។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ជិះគ្នា២នាក់របួសធ្ងន់។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុ រួចហៅរថយន្តសាមុយដឹកជនរងគ្រោះទាំង៣នាក់ដែលរបួសធ្ងន់យកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ដោយឡែកសាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការពិនិត្យវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ស្អាង ជ័យ