ព័ត៌មានទាន់ហេតុការណ៍៖

ទូកទៅកំពង់នៅ! អតីតនាយប៉ុស្តិ៍​នគរបាលរដ្ឋបាល​រហាល​ ទុកស្នាដៃច្រើនក្រោយលោកចូលនិវត្តន៍

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ចាត់ទុកជាសំណួរមួយសម្រាប់មន្រ្តីទទួលប្រាក់បៀវត្សពីរដ្ឋខណៈបំពេញភារកិច្ចជូនរដ្ឋច្រើនឆ្នាំ ហើយត្រូវបានចូលនិវត្តន៍ តើបានបន្សល់ទុកស្នាដៃនិងកេរ្តិ៍ឈ្មោះអ្វីខ្លះជូនជាតិមាតុភូមិ? សម្រាប់នាយ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ឃុំ​រហាល​ នៃ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យដែលបាន​ប្រកាស​ឲ្យ​ចូល​និវត្តន៍​ កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មីៗ​នេះ​ ត្រូវបានប្រជាពលរដ្ឋនិងមន្រ្តីនគរបាលជាច្រើនកោតសរសើរពីស្នាដៃមួយចំនួនដែលលោកបានកសាងនិងបន្សល់ទុកសម្រាប់ប៉ុស្តិ៍រដ្ឋបាលរហាល ។

 ជាមួយនេះ ដោយមើលឃើញស្នាដៃរបស់លោក អនុសេនីយ៍ឯក សោ​ន​ គី​ម​ អតីត​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រហាល ដែលចាត់ទុកជាគំរូមួយដល់មន្រ្តីនគរបាលឯទៀតនោះ លោក​វរសេនីយ៍​ ឯក​ មាស​ ប្ញ​ទ្ធី​ អធិការ​ន​គរបាល​ ស្រុក​ ព្រព្រះនេត្រព្រះថ្លែងឲ្យដឹងថា​ ក្នុង​នាម​លោក​ជាថ្នាក់ដឹកនាំ​អធិការដ្ឋាន​ ជំនួស​មុខ​កងកម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ ជា​ពិសេស​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រហាល​ សូម​សម្តែង​នូវ​ការ​អរគុណ​ លោក​ សោ​ន​ គី​ម​ អតីត​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ដែល​ត្រូវ​បាន​ក្រសួង​ សម្រេច​ឲ្យ​ចូល​និវត្តន៍​ថ្មីៗ​នេះ​ តាម​អាយុ​កាលដែល​ក្រសួង​បាន​កំណត់​ បន្ទាប់​ពី​លោក​បាន​បំពេញ​កាតព្វកិច្ចបម្រើជាតិ​និង​ប្រជាជន​ជា​ច្រើន​ឆ្នាំ​មក​នោះ​ ។​ បើ​ទោះបី​បច្ចុប្បន្ន​ លោក​បាន​បញ្ចប់ជីវិត​ជា​មន្ត្រី​នគរ​បាល​ជាតិ​ក៏​ពិតមែន​ ប៉ុន្តែ​មុន​ពេល​ដែល​លោក​ចាកចេញ​ទៅ​ លោក​បាន​បន្សល់​ទុក​នៅ​ស្នាដៃ​របស់​លោក​ដែល​បាន​ប្រមូល​កៀរគរ​សប្បុរសជន​ជួយ​ធ្វើ​ផ្លូវ​ចាក់​បេតុង​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ប្រវែង​៤០​ម៉ែត្រ​ និង​ទទឹង​ ៤​ម៉ែត្រ​ ។​ ក្នុង​នោះ​បាន​ចាក់សាប​ក្នុង​បរិវេណ​ជុំវិញ​ដងទង់​ជាតិ​មុខ​ប៉ុស្តិ៍​មាន​បណ្តោយ​១២​ម៉ែត្រ​និង​ទទឹង​៨​ម៉ែត្រ​ និងសមិទ្ធផលជាច្រើនទៀត។ ទាំងនេះនៅមិនទាន់គិតពីការដែលលោកបានចូលរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានផងដែរ។ ដូច្នេះនេះ​គឺជា​ស្នាដៃ​ដ៏​ធំធេង​របស់​លោក​ ដើម្បី​មន្ត្រី​នគរបាល​ជំនាន់​ក្រោយ​ អនុ​វត្ត​តាម​នូវ​គំរូ​ដ៏​ល្អ​នេះ​ មិន​អាច​សាបសូន្យ​បាន​ដូច​ពាក្យចាស់លោក​ពោល​ថា​«​ទូក​ទៅ កំពង់​នៅ​»​ឬ នៅឲ្យគេស្រលាញ់ ពេលចេញឲ្យគេស្រណោះ។

​ជាមួយ​គ្នា​នោះ​ផង​ដែរ​ លោក​អធិការ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ចូលរួម​កសាង​ផ្លូវ​ចូល​ប៉ុស្តិ៍​ និង​បរិវេណ​ប៉ុស្តិ៍​រដ្ឋបាល​រហាល​ មាន​ទីធ្លា​ល្អ​សមរម្យ​ និងសមិទ្ធផលជាច្រើនទៀត៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖