ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ស្ទាក់ចាប់រថយន្តលួចដឹកលៀសចំនួន៣គ្រឿង

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២បានស្ទាក់ចាប់រថយន្តលួចដឹកលៀសចំនួន៣គ្រឿង នៅចំណុចជ្រោយស្លែង ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងបានពិន័យជាប្រាក់តាមច្បាប់យ៉ាងធ្ងន់ធ្ងរផងដែរ។ 

សូមជម្រាបថា​ បន្ទាប់ពី​មន្ទីរកសិកម្ម​ បានរឹតបន្តឹងមិនឱ្យមានការដឹកលៀសក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្រុមឈ្មួញទាំងនោះ​ បានព្យាយាមលួចដឹកលៀសពីខេត្តកំពង់ធំ មកឡើងនៅក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ដូចជាចំណុចសេះស្លាប់ ចំណុចកំពង់ឆ្នុកទ្រូ ក្រចាប់ និងជ្រោយស្លែងជាដើម។ 

គួរបញ្ជាក់ថា​ ក្រោយពីកម្លាំងជំនាញ​ ចាប់បានរថយន្តដឹកលៀសចំនួន៣គ្រឿង​ខាងលេីនេះ​ មន្ត្រីជលផលទទួលបន្ទុកក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ ក៏បានរងការពិន័យពីប្រធានមន្ទីរកសិកម្ម ហើយក្រុមឈ្មួញដឹកលៀសក៏កំពុងស្វះស្វែងរកអ្នកជួយអន្តរាគមន៍ដោះលែងមធ្យាបាយរថយន្តល្មើសរបស់ពួកគេផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖