ភ្នំពេញ៖ នេះបេីតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី១៧ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus ) ត្រូវថតបានកាលពីពេលថ្មីៗនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ពាក់កណ្តាលខ្នង ហើយជើងក្រោមទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ។ វាអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកំពស់២០០០ម (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ) នៅតំបន់ព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកំពស់ខ្ពស់ជាងសត្វទន្សោង។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា អាហាររបស់វា គឺល្បះខ្ចីៗ ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ ខ្ទីងមានវត្តមាននៅតំបន់មួយចំនួននៃប្រទេសកម្ពុជាដូចជា ភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺ។ សត្វខ្ទីង ជាប្រភេទមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល៕


ដោយ៖ស តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច