ព័ត៌មានទាន់ហេតុការណ៍៖

បារាំងចាត់វិធានការតឹងតែងចំពោះអ្នកមិនចាក់វ៉ាក់សាំង

ចែករំលែក៖

សភាបារាំងបានអនុម័តច្បាប់ហាមប្រាមពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទៅកាន់ទីសាធារណៈ ។
នៅថ្ងៃទី១៦ខែមករា សភាបារាំងបានអនុម័តច្បាប់ហាមប្រាមពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងទៅកាន់ទីសាធារណៈ ក្នុងនោះមានភោជនីយដ្ឋាន ក្លិបកីឡា តំបន់កម្សាន្ត …។ សកម្មភាពខាងលើរបស់បារាំងគឺក្នុងគោលដៅ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងដែលឆ្លងរាលដាលយ៉ាងឆាប់រហ័ស។
រដ្ឋសភាបារាំងបានបោះឆ្នោតអនុម័តជាលើកចុងក្រោយពីច្បាប់ហាមប្រាមខាងលើ ដោយទទួលបានសំឡេងគាំទ្ររហូតដល់ទៅ ២១៥សំឡេង និងប្រឆាំងតែ ៥៨សំឡេងប៉ុណ្ណោះ។ ច្បាប់នេះនឹងចូលជាធរមាននៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រធានាធិបតីបារាំង លោកម៉ាក្រុង បង្ហាញក្តីសង្ឃឹមថា ច្បាប់ថ្មីនឹងជួយកាត់បន្ថយចំនួនអ្នកជំងឺកូវីដ-១៩ធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវចូលព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈមន្ទីរពេទ្យ មណ្ឌលសុខភាពនានាពេញណែនដោយអ្នកជំងឺ។
កន្លងមកពលរដ្ឋបារាំងត្រូវតែបញ្ជាក់ថាបានចាក់វ៉ាក់សាំងឬធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ។ ប៉ុន្តែច្បាប់ថ្មីនៅពេលនេះគឺកំណត់ពលរដ្ឋទាំងអស់ត្រូវចាក់វ៉ាក់សាំងគ្រប់ចំនួនដូសទើបអាចទៅកម្សាន្តនៅរមណីយដ្ឋាននានា ក៏ដូចជាប្រើប្រាស់មធ្យោបាយសាធារណៈ រថភ្លើង រថយន្តក្រុងជាដើម។ អ្នកចាក់វ៉ាក់សាំងគឺត្រូវតែបង្ហាញកាតវ៉ាក់សាំងពេលចេញទៅក្រៅ។ ច្បាប់ថ្មីអនុវត្តទៅលើពលរដ្ឋដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។
តាមការប្រកាសរបស់រដ្ឋាភិបាលបារាំង អ្នកជំងឺកូវីដ-១៩ រហូតដល់ទៅ៧៦% ធ្លាក់ខ្លួនឈឺធ្ងន់គឺមិនទាន់បានចាក់វ៉ាក់សាំងមួយដូសណាឡើយ ហើយមានអ្នកស្លាប់ប្រមាណ ២០០នាក់ក្នុងមួយថ្ងៃៗ៕

រូបថត៖THX/TTXVN

ដោយ៖ធីរីណា(រូបថត៖suckhoedoisong.vn)


ចែករំលែក៖