ព័ត៌មានទាន់ហេតុការណ៍៖

លោក KAIFU Toshiki អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនាពេលថ្មីៗនេះ

ចែករំលែក៖

ប្រទេសជប៉ុន : នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមសំដែងនូវសមានទុក្ខ ដ៏សែនសោកស្តាយ និងសូមចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក KAIFU Toshiki អតីតនាយករដ្ឋមន្ត្រីជប៉ុន នាពេលថ្មីៗនេះ ។ 

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកឡើងថា, យើងខ្ញុំ សូមលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ អតីតនាយករដ្ឋមន្រ្តី ជប៉ុន លោក KAIFU Toshiki។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរក្នុងលិខិតរបស់សម្តេចថា «ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង នៅពេលបានទទួលដំណឹងអំពីមរណភាពរបស់ លោក KAIFU Toshiki អតីតនាយករដ្ឋមន្ត្រី ជប៉ុន។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូន ចំពោះឯកឧត្តម និងតាមរយ:លោក ជូនដល់ ប្រជាជនជប៉ុន ពិសេសក្រុមគ្រួសារនៃសព ចំពោះការ បាត់បង់ដ៏ធំធេងនេះ” ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អតីត នាយករដ្ឋមន្ត្រីលោក KAIFU គឺជារដ្ឋបុរសដ៏ឆ្នើម របស់ប្រទេសជប៉ុន ដែលនឹងត្រូវបានចងចាំជានិច្ច ចំពោះតួនាទីសំខាន់របស់គាត់ក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងក្រៅ តំបន់ និងជាពិសេសចំពោះការរួមចំណែករបស់គាត់ ក្នុងដំណើរការសន្តិភាពនៅកម្ពុជា រហូតឈានដល់ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុង ឆ្នាំ ១៩៩១ ។

សម្តេចតេជោ  ហ៊ុន សែន បានបន្តទៀតថា៖ «សមានចិត្ត យ៉ាងជ្រាលជ្រៅ និងការបន់ស្រន់របស់យើងខ្ញុំ នឹង ស្ថិតនៅជាមួយលោក និង ប្រជាជនជប៉ុន នៅក្នុង គ្រាដ៏លំបាកនេះ»។

លោក KAIFU Toshiki ជានាយករដ្ឋមន្ត្រីជប៉ុនពី ឆ្នាំ ១៩៨៩ដល់ ១៩៩១ បានទទួលមរណភាពនៅ ថ្ងៃទី៩ ខែមករា ដោយជរាពាធ ក្នុងអាយុ ៩១ ឆ្នាំ៕

ដោយ ៖ សិលា


ចែករំលែក៖