ព័ត៌មានទាន់ហេតុការណ៍៖

រស់នៅមិនចុះសម្រុងគ្នា ធ្វើឱ្យប្តីសង្ស័យក៏តាមដានប្រពន្ធ ស្រាប់តែឃើញប្រពន្ធកំពុងនៅជាមួយសហាយក្នុងចម្ការ

ចែករំលែក៖

ខេត្តកណ្តាល ៖ ស្ត្រីជាប្រពន្ធម្នាក់រស់នៅជាមួយប្តីចេះតែរកាំរកូសមិនចុះសម្រុងនឹងគ្នា តែងតែរករឿងប្តី ជាហេតុធ្វើឱ្យបុរសជាប្តីមានការសង្ស័យ​ក៏ដាក់ប្រព័ន្ធGPSក្នុងទូរស័ព្ទដៃរបស់ប្រពន្ធ ស្រាប់តែឃើញប្រពន្ធរបស់ខ្លួននៅជាមួយប្រុសសហាយក្នុងចម្ការស្វាយ ធ្វើឱ្យប្តីទ្រាំពុំបានក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកាលពី​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ នៅ​ក្នុង​ដីចម្ការ​ស្វាយ ស្ថិត​ក្នុងភូមិ​បត់​តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល តាម​ពាក្យបណ្ដឹង​របស់​បុរស​ជា​ប្តីប្ដឹង​អំពីការ​លួច​ផិតក្បត់​មាន​សហា​យ​ស្មន់ ។

     សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជន​រង​គ្រោះជា​ប្តី មានឈ្មោះ ឡុ​ញ វណ្ណៈ អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត​ជ្រំ២ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​ជា​អាជីវករ ។ រីឯប្រពន្ធ​ដែល​រង​ការ​ចោទ​លួច​មាន​សហាយស្មន់ ឈ្មោះ សួន ពៅ អាយុ​៤៣​ឆ្នាំ មុខរបរ​សម្អាងការ ។ ចំណែក​បុរស​ដែល​លួច​ទាក់ទង​ប្រពន្ធ​គេ​មានឈ្មោះ អ៊ុំ ពន្លក អាយុ​៤០​ឆ្នាំ មុខរបរ​ជា​កសិករ ។

    ប្រភពដដែលបន្តថា បុរស​ជា​ប្តី​បាន​រៀបរាប់​ថា រូប​លោក​ជា​បុរស​ពោះម៉ាយ មានកូន​៣​នាក់បាន​ស្រលាញ់​គ្នា​ជាមួយ​ស្ត្រី​មេម៉ាយ​ឈ្មោះ សួន ពៅ នាង​មិន​មានកូន​នោះ​ទេ ។ បន្ទាប់​មកយើង​ទាំង​២​ក៏​បាន​យល់​ព្រមយក​គ្នា​ជា​ប្តី​ប្រពន្ធដោយ​មិន​បាន​រៀប​ការឬ​សែន​ព្រេន​អ្វី​ឡើយ ប៉ុន្តែ​ពួក​យើង​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​តាម​ច្បាប់កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១០ ហើយ​រួមរស់​ជាមួយ​គ្នា ទទួល​បានកូន​ប្រុស​ម្នាក់ជា​ចំណងដៃ។ បុរស​ជា​ប្តីបាន​បន្ត​ថា ក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០២១ ពួក​យើង​ចាប់ផ្ដើម​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ចេះ​តែ​រកាំរកូស ហើយ​មួយ​រយៈ​ចុង​ក្រោយនេះ បន្ទាប់ពី​លោក​បាន​ទៅ​ធ្វើការ​រកស៊ី​បាត់​ៗ ពេល​ត្រឡប់​មក​វិញ ប្រពន្ធ​ហាក់ដូចជា​សោះអង្គើយ ដែល​គាត់​សង្ស័យ​ថាទំនងជា​លួច​មាន​អ្នក​ថ្មី និង​ចេះ​តែ​បង្កទំនាស់​នៅ​ក្នុង​គ្រួសារ។

     បុរស​ជា​ប្តីបន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ លោក​បាន​ចាំ​ឃ្លាំមើល​ស្ត្រី​ជា​ប្រពន្ធដោយ​បាន​ដាក់​ប្រព័ន្ធ​តាមដាន GPS តាម​ទូរ​ស័ព្ទ​របស់​ប្រពន្ធ​គាត់ ក៏​ឃើញ​លោត​នៅ​ចំណុច​ដីចម្ការ​ស្វាយ​របស់​ឈ្មោះ អ៊ុំ ពន្លក ស្ថិត​នៅ​ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជា​ច្រើន​លើកច្រើន​សា ។ ឃើញ​ដូច្នេះ លោក​តាមដាន​ទៅ​តាម​ប្រព័ន្ធ GPS ក៏​បានឃើញ​ប្រពន្ធកំពុង​អង្គុយ​ផឹកស្រា​បៀរ​ជាមួយ​សហាយស្មន់​ឈ្មោះ អ៊ុំ ពន្លក នៅ​ក្នុង​ដីចម្ការ​ស្វាយ ទើប​លោកប្ដឹង​ទៅសមត្ថកិច្ច​ក្រុង​តា​ខ្មៅឱ្យចុះ​ទៅ​ឃាត់ខ្លួន​អ្នក​ទាំង​២​តែ​ម្ដង នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀលថ្ងៃ​ទី​១៦ ខែមក​រា ។

    នៅ​ប៉ុស្តិ៍​នគរបាល ប្រពន្ធ​បាន​ទទួលស្គាល់​ថា រូប​នាង​បាន​លួច​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​សហា​យ​ឈ្មោះ អ៊ុំ ពន្លក ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២១ ពិតប្រាកដ​មែន ដែល​ស្គាល់គ្នា​និង​ទាក់ទង​តាម​ទូរ​ស័ព្ទ ហើយនាងសារភាពថា ​ធ្លាប់​រួម​ភេទ​ជាមួយ​គ្នាជា​ច្រើន​លើក​ច្រើន​សាក្នុងផ្ទះ​នៅ​ដីចម្ការ​របស់​ប្រុស​សហាយ​នេះ​តែ​ម្ដង ។

    ប្រពន្ធ និង​ប្រុស​សហា​យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ  ដើម្បី​សាកសួរ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖