ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្កើត​គណៈ​កម្ម​ការ ដើម្បី​ចូល​រួម​គាំទ្រ និង​អនុ​វត្ត​ការ​ងារ​រៀប​ចំ​ស៊ីហ្គេម​-​អា​ស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកផ្លូវការ ( Cambodia2023) CAMSOC ជាមួយពាក្យស្លោកថា #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា 

#កីឡារស់ក្នុងសន្ដិភាព នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ បាន​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​លើសេចក្ដីសម្រេចស្ដីពីការង្កើតគណៈកម្មការ ដើម្បីចូលរួមគាំទ្រ និង​អនុវត្តការងាររៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។

សិក្ខាសាលានេះ រៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមានលោក សែម សុខា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ព្រមទាំងវត្តមានថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក្រោមឱវាទក្រសួងជាច្រើនទៀត ។

លោក សែម សុខា មានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើង បន្ទាប់ពីក្រសួងបានបង្កើតគណៈកម្មការខាងលើ ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយស៊ីជម្រៅចំពោះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដល់ថ្នាក់ដឹកនាំ មន្ដ្រីក្រសួង ព្រមទាំងអង្គការជាតិ អន្ដរជាតិ ដែលបម្រើការងារលើវិស័យពិការភាពឲ្យបានជ្រួតជ្រាប និងផ្សព្វផ្សាយបន្ដទៅថ្នាក់ក្រោមជាតិ ។

លោកបន្ដថា គោលដៅ និងតួនាទីភារកិច្ចរបស់គណៈកម្មការនេះ មានដូចជា៖

១-សម្របសម្រួល និងជាជំនួយរដ្ឋបាលជូនឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមជាអនុប្រធាន CAMSOC និង CAMAPGOC ។

២- ផ្សព្វផ្សាយខ្លឹមសារ និងចែកចាយខិតប័ណ្ឌរបស់ CAMSOC និង CAMAPGOC ជូនមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

៣- រៀបចំកិច្ចប្រជុំ សិក្ខាសាលា ឬបណ្ដុះបណ្ដាល ដើម្បីចែករំលែកព័ត៌មានរបស់ CAMSOC និង CAMAPGOC ។

៤-សហការជាមួយ CAMSOC និង CAMAPGOC អង្គការជាតិ និងអន្ដរជាតិ បម្រើការក្នុងវិស័យជនមានពិការភាព ដើម្បីរៀបចំយុទ្ធសាស្ដ្រចូលរួមមុនព្រឹត្តិការណ៍ ក្នុងព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍ នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

៥-ចូលរួមសហការជាមួយអង្គការជាតិ អន្ដរជាតិ និងមណ្ឌលជនពិការក្នុងការរៀបចំលេងកីឡា ដើម្បីសុខភាព ចូលរួមប្រកួត និងក្នុងនាមជាម្ចាស់ផ្ទះតាមគោលការណ៍ «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ» ។

៦-រៀបចំចងក្រងឯកសាររបាយការណ៍ និងបោះពុម្ភសៀវភៅប្រវត្តិសាស្ដ្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រោយកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ និងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។

៧-រៀបចំផែនការសកម្មភាព និងកៀគរមូលនិធិគាំទ្រដើម្បីមានលទ្ធភាពក្នុងការចូលរួមប្រកបដោយប្រសិទ្ធភាព ។

ជាមួយការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងការបង្កើតគណៈកម្មការនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានសម្ដែងការគាំទ្រពេញទំហឹង ព្រោះនេះគឺជាលើកដំបូងហើយ ដែលស្ថាប័នរបស់រដ្ឋ គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាបែបនេះឡើង ដើម្បីគាំទ្រដល់ចលនា និងផ្សព្វផ្សាយពីគុណតម្លៃដ៏សំខាន់ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ។

លោកមានប្រសាសន៍ថា «នេះគឺជាស្មារតីមួយ តាមការអំពាវនាវរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC តែងតែលើកកម្ពស់ និងផ្ដល់អនុសាសន៍ណែនាំថា ក្រសួង-ស្ថាប័នទាំងអស់ គួរតែធ្វើការបំផុសចលនានេះឲ្យបានសស្រាក់សស្រាំទាំងអស់គ្នា ពិសេសការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក៏សម្ដេចមានប្រសាសន៍ឲ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរឲ្យមានការគាំទ្រក្នុងការផ្សព្វផ្សាយនេះដែរ» ។

លោកបញ្ជាក់ថា «នេះគឺជាសិក្ខាសាលាទី១ ហើយរបស់ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលរៀបចំជាសិក្ខាសាលា ដើម្បីបំផុសឲ្យចលនាឲ្យមន្ដ្រីរាជការនៅក្រោមឱវាទក្រសួងបានជ្រួតជ្រាបពីគុណតម្លៃរបស់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ហើយឲ្យពួកគាត់ចូលរួមក្នុងការធ្វើកិច្ចការងារទាំងអស់នេះ ។ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាក្រសួងមួយមានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់យើង ។ ចឹងនេះជាកាយវិការដ៏ប្រពៃមួយ ហើយជាគំរូមួយដល់ក្រសួង-ស្ថាប័នផ្សេងៗទៀត ឲ្យខិតខំប្រឹងប្រែង និងរៀបចំបំផុសចលនាកីឡានេះដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការរបស់ខ្លួន ។ មានតែការធ្វើបែបនេះទេ ដែលយើងអាចរួមគ្នា ហើយឈានដល់គោលដៅ ប្រជាជនម្នាក់

ជាម្ចាស់ផ្ទះទទួលស្វាគមន៍ភ្ញៀវនៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣» ៕

ដោយ ៖ សិលា

 


ចែករំលែក៖