ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិជំរុញឱ្យបន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ

ចែករំលែក៖

ក្រោយពេលកូរ៉េខាងជើងបានបញ្ជាក់ថា បានសាកល្បងមីស៊ីលដោយជោគជ័យបំពាក់បច្ចេកវិទ្យានាំផ្លូវកាលពីថ្ងៃទី១៧ខែមករាមក អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវដល់ទីក្រុងព្យុងយ៉ាង និងប្រទេសពាក់ព័ន្ធតភ្ជាប់កិច្ចពិភាក្សាឡើងវិញស្តីពីកម្មវិធីបរមាណូនៅឧបទ្វីបកូរ៉េ។
ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានផ្សាយថា ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃនេះថា មីស៊ីលចំនួន២គ្រាប់ដែលខ្លួនបានធ្វើតេស្តកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះគឺជាប្រភេទមីស៊ីលនាំផ្លូវ ។ កន្លងមកកូរ៉េខាងត្បូងបានសន្និដ្ឋានថា ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី។
សម្រាប់ការធ្វើតេស្តមីស៊ីលជាលើកទី៤នាដើមឆ្នាំ២០២២ កាលពីថ្ងៃចន្ទនោះត្រូវបានទីក្រុងព្យុងយ៉ាងអះអាងថា ធ្វើឡើងដើម្បីស្វែងយល់អំពីប្រសិទ្ធភាពនៃអាវុធប្រភេទនេះ និងស្របតាមការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងការពង្រឹងនិងពង្រីកសមត្ថភាពយោធាប្រទេសនេះបន្ថែមទៀតសម្រាប់ឆ្នាំ២០២២នេះ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃទី១៨ខែមករាថា «មីស៊ីលនាំផ្លូវចំនួន២គ្រាប់ត្រូវបានបាញ់ចេញពីភាគខាងលិចនៃប្រទេសកូរ៉េខាងជើង ដោយវាយប្រហារចំគោលដៅដែលបានកំណត់ទុកយ៉ាងល្អឥតខ្ចោះ ស្ថិតនៅលើកោះមួយ ក្នុងដែនសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង»៕

រូបថត៖TTXVN 

ដោយ៖ធីរីណា(រូបថត៖AFP/VNA.)


ចែករំលែក៖