ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋអ្នកតវ៉ាមកពីសង្កាត់បឹងកក់១ និងបឹងកក់២ចំនួន៣០នាក់រឿងដីធ្លី បានឯកភាពដោយអនុវត្ដតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ

ចែករំលែក៖

ភ្នំពេញ៖  លោក កើត ឆែ  និង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួប សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអ្នកតវ៉ាមកពីសង្កាត់បឹងកក់ទី១ និងបឹងកក់ទី២ ខណ្ឌទួលគោកប្រមាណ៣០នាក់ ពាក់ព័ន្ធនឹងរឿងដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់ ដែលដំណោះស្រាយនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានីភ្នំពេញ។ 

    ក្នុងឱកាសនោះ លោកអភិបាលរងទាំងពីររូបបានពន្យល់ពីគោលការណ៍និងចំណុចមួយចំនួន ដោយសូមឱ្យបងប្អូនរក្សាស្ថានភាពដើមដដែលកុំមានការជ្រួលច្របល់ ព្រោះអាជ្ញាធរមិនមានគោលការណ៍ឬសេចក្តីណែនាំណាមួយពីការឱ្យបងប្អូនចាកចេញពីទីតាំងដែលបងប្អូនកំពុងរស់នៅនេះទេ។

     លោក កើត ឆែ និង លោក មាន ចាន់យ៉ាដា បានលើកឡើងថា ក្នុងរយៈពេល ជាងពីរឆ្នាំកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញក៏ដូចខណ្ឌនិងសង្កាត់ សុទ្ធតែជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះយើងពុំទាន់មានគោលការណ៍ណាមួយដើម្បីអភិវឌ្ឍនៅចំណុចដែលបងប្អូនកំពុងរស់នៅនេះទេ។ 

   លោកបន្តថា កន្លងមកនេះលោក ឃួង ស្រេង តែងប្រកាន់យកគោលការណ៍សិទ្ធិលំនៅឋានជូនប្រជាពលរដ្ឋជាប់ជានិច្ច ហើយការដោះស្រាយនេះក៏ទទួលបានជោគជ័យជាច្រើនទីតាំងរួចមកហើយដែរ។ ម៉្យាងទៀតការការពិភាក្សារកដំណោះស្រាយត្រូវមានភាគីពាក់ព័ន្ធ មានអាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋ ដោយពិភាក្សាត្រង់ទៅត្រង់មកលើខ្លឹមសារដែលមិនប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ ម៉្យាងទៀតប្រសិនបើបងប្អូនមានការតវ៉ាណាមួយ ឬមិនទាន់យល់ច្បាស់ពីគម្រោងអភិវឌ្ឍន៍ណាមួយនោះ បងប្អូនគួរតែធ្វើលិខិតមកសាលារាជធានីភ្នំពេញឬក៏ចាត់តំណាងមកពិភាក្សារកដំណោះស្រាយដោយការយោគយល់គ្នា ហើយការដោះស្រាយក៏មិនអាស្រ័យលើការញុះញង់បំផុសបំផុលពីជនអគតិណាមួយដែលធ្វើឱ្យខូចប្រយោជន៍បងប្អូននោះដែរ។ ប៉ុន្តែរឿងសំខាន់នៅពេលនេះអាជ្ញាធររាជធានីភ្នំពេញមិនមានផែនការណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូននោះឡើយ។

      ក្រោយពីការបកស្រាយពន្យល់ពី លោកកើត ឆែ និងលោក មាន ចាន់យ៉ាដា រួចមក បងប្អូនប្រជាពលរដ្ឋដែលមកតវ៉ាដល់សាលារាជធានីភ្នំពេញបានយល់ដឹងនិងសន្យាអនុវត្តតាមគោលការណ៍ណែនាំ ដូចខាងលើនេះ ដោយបងប្អូនយល់ថា រឿងហេតុកើតឡើងយ៉ាងណានោះគ្មាននរណាអាចមកដោះស្រាយបានជំនួសអាជ្ញាធរនិងប្រជាពលរដ្ឋនោះឡើយ៕

ដោយ ៖ សំរិត


ចែករំលែក៖