ខេត្តកំពង់ឆ្នាំង៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះយ៉ាងដូច្នេះថា៖ នៅវិទ្យាស្ថានបចេ្ចកសកម្មភាពមីន ខេត្តកំពង់ឆ្នាំង លោកបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកបោសសម្អាតមីនជំនាន់ទី១៤២(អ្នកបន្តវេន)។
សូមជម្រាបថា វគ្គហ្វឹកហ្វឺននេះមានរយ:ពេល៣ខែ ចាប់ផ្តេីមពីខែមករា ឆ្នាំ២០២២នេះតទៅនឹងមានសិក្ខាកាមចូលរួមសរុបចំនួន៣០១នាក់ ក្នុងនោះសិក្ខាកាមដែលជាស្រ្តីចំនួន១០១នាក់។ វគ្គហ្វឹកហ្វឺននេះត្រូវហ្វឹកហ្វឺនលើទ្រឹស្ដីមានចំនួន១៦០ម៉ោង និងការអនុវត្តលើទីលានជាក់ស្តែងចំនួន៣២០ម៉ោង ដោយមិនគិតម៉ោងកីឡា ម៉ោងលំហាត់របៀប និងជំនញសង្គមកិច្ចឡេីយ។
បន្ថែមពីនេះ អគ្គនាយកស៊ីម៉ាក់ ក៏សូមជូនពរក្មួយៗទាំងអស់មានសំណាងល្អ និងឆ្លងផុតសមរភូមិជីវិតនិងជីវភាពថ្មីនៃការហ្វឹកហ្វឺនអាជីពជាអ្នកជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមលេីកទី១៤២នេះ! ៕
ដោយ៖សហការី