ខេត្តតាកែវ ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តអញ្ជើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងនៅ មណ្ឌលសុខភាព ព្រៃល្វា មណ្ឌលសុខភាព ស្លា មណ្ឌលសុខភាព សំរោង និងមន្ទីសុខាភិបាលខេត្តតាកែវ។
លោកស្រី ឱ វណ្ណឌីន បានសម្ដែងនូវការអរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់ៗគ្នាជាពិសេសការចាក់ដូសទី៣ ឬដូសជំរុញ។
សូមបញ្ជាក់ថា, មនុស្សសរុបចំនួន ១៤,៣១៣,៦៨៦នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧១៥,៧៩៤នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន ៤,៧៧៧,៧៩៤នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅ ថ្ងៃចន្ទ ទី១៧ ខែមករា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ ១០លាននាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០១,៧៩% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន ៩៩,៣១% កុមារពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រេចបាន១០៥,៦៣% និងកុមារ៥ឆ្នាំសម្រេចបាន១០៣,៦៧% ។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៣,៦៩៥,២៩៨ដូស ខណៈចាក់លើកទី២អស់ ៣,៥៣៨,២០៩ដូស និងចាក់លើកទី៣អស់ ៩៦,៦១១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៧៦៤ដូស និងចាក់លើកទី៣អស់ ៩០៣,៧៦៧ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៥,០៨០,៦៣៥ដូស ខណៈចាក់លើកទី២អស់ ៤,៩០៣,២៦១ដូសលើកទី៣អស់ ២,៥៤៨,៣៦៣ដូស និងវ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ៣១៦,៨៣៨ដូស៕ វ៉ាកសាំងម៉ាក Moderna បានចាក់លើកទី៣ សរុបចំនួន ១១៥,២៩៩ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Netherlands) បានចាក់លើកទី៣ ៩៦,៥២៣ដូស។
ថ្ងៃនេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២៖
-ករណីឆ្លងថ្មី ២២នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)
-ករណីជាសះស្បើយ ១១នាក់
-ករណីស្លាប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់) ៕
ដោយ ៖ សិលា