ស្បែកជើង÷តាមសម័យនេះគេរាប់អានប្រើទ្រនាប់ជើង(ស្បែកជើង)ដើម្បីការពារបាតជើងកុំឲ្យប៉ះទង្គិចឬមុតនិងការពារក្តៅត្រជាក់ផង ជា របៀបតែងខ្លួនតាមអឺរ៉ុបផង។
ចំណែកខាងគារវកិច្ចរបស់គ្រហស្ថប៉ែកខាងអ្នកកាន់ព្រះពុទ្ធសាសនាវិញស្បែកជើងពាក់ចូលវត្តមានការទាស់ខុសជាច្រើនប្រការដូចជា ÷ ១-ព្រះសង្ឃដែលគ្មានពាក់ស្បែកជើងមិនត្រូវនិយាយស្ដីនិងគ្រហស្ថដែលពាក់ស្បែកជើងទេបើពាក់ដូចគ្នាមិនជាការទាស់ខុសទេ។២-គ្រហស្ថមិនត្រូវពាក់ស្បែកជើងឡើងកុដិលោកសង្ឃឬឡើងព្រះវិហារព្រះចេតិយទេ ត្រូវដោះទុកនៅកាំជណ្ដើរខាងក្រោមទើបរួចទោសកំហុសក្នុងគារវកិច្ច។ចំណែកព្រះវិហារនិងព្រះចេតិយនេះត្រូវយើងជាអ្នកចេះអប់រំធម៌ថ្វាយបង្គំព្រះពុទ្ធ ចេះហាមខ្លួនយើងផងហាមអ្នកដទៃផង ដែលពុំបានដឹងក្នុងគារវកិច្ចថា”កុំឱ្យពាក់បែកជើងឡើង” ចុះបើមានជនបរទេសដែលជាអ្នកមិនកាន់ព្រះពុទ្ធសាសនានោះអ្នកចាំព្រះវិហារ ទោះព្រះសង្ឃក្តី គ្រហស្ថក្តី គប្បីប្រាប់ពន្យល់ឲ្យដឹងផងថាត្រូវតែដោះស្បែកជើងទើបចូលបាន។យ៉ាងនេះហើយទើបសមរម្យនឹងឈ្មោះដែលហៅថាអ្នកកាន់ព្រះពុទ្ធសាសនា។
តួយ៉ាងដូចជានៅវត្តព្រះកែវមរកតរាជវរារាមក្រុងភ្នំពេញសព្វថ្ងៃនេះមានជនបរទេសចូលមកមើលគ្មានលោះថ្ងៃណាមួយសោះឡើយតែទៅដល់ព្រះវិហារហើយពួកមគ្គុទេសក៍(អ្នកនាំផ្លូវ) ព្រះរាជវាំងពន្យល់ឱ្យដោះស្បែកជើងសិនទើបឲ្យឡើងចូលមើល។ មិនតែប៉ុណ្ណោះមានទាំងបំរាមបិទនៅសន្លឹកទ្វារទៀតប្រាប់ឲ្យដោះស្បែកជើងនិងមួក។បញ្ញត្តិនេះមិនមែនកំរិតតែលើអ្នកតូចទេទោះជាអ្នកធំក៏សុំឲ្យដោះស្បែកជើងជាដរាប ។ សូម្បីតែព្រះករុណាជាម្ចាស់ផែនដីព្រះអង្គទ្រង់បំពេញភារកិច្ចបានបរិបូណ៌ព្រះអង្គទ្រង់ដោះព្រះសុព័ណ៌បាទទុកសិនបានស្ដេចយាងចូលព្រះវិហារ។
ខ្ញុំរៀបរាប់យ៉ាងនេះហាក់ដូចជាមើលងាយលោកអ្នកពេក។មិនមែនដូច្នោះទេព្រោះខ្ញុំបានឃើញក្មេងកំលោះជំទង់និងក្រមុំជាច្រើននាក់ពាក់ស្បែកជើងឡើងព្រះវិហារ ព្រះចេតិយប្រហែលពុំបានដឹងវិន័យក្នុងគារវកិច្ចដែលយើងរាល់គ្នាត្រូវសម្ដែងសេចក្តីគោរពចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃ។
ដូច្នេះដំណើរទៅវត្តជាដំណើរទៅរកបុណ្យមិនប្រមូលយកបុណ្យត្រឡប់ទៅជាឱបក្រសោបយកបាបមកផ្ទះវិញ ដោយទោសខុសក្នុងភារកិច្ចនោះទេ។ នេះជាការគួរឱ្យស្ដាយពេកណាស់សម្រាប់យើងជាអ្នកថ្វាយខ្លួនក្នុងព្រះពុទ្ធសាសនា។
៣-ស្បែកជើងនេះចែកត្រឹមពីរចំពូកទៅចុះ គឺស្បែកជើងឃ្លុបជិតជើង និងស្បែកជើងមិនឃ្លុបជិតជើង។ ក- ស្បែកជើងឃ្លុបគឺស្បែកជើងខ្លី(Soulier)ស្បែកជើងកវែង(Bottine) នេះបើយើងរៀបខ្លួនត្រឹមត្រូវគឺស្លៀកសំពត់ពាក់អាវកុត ឬអាវបើកកចង់ក្រវ៉ាត់ស្បែកជើងស្រោមជើងឬតែងខ្លួនរបៀបអឺរ៉ុបហើយទៅផ្ទះគ្រហស្ថដូចគ្នានោះត្រូវពាក់បានរហូតដល់ទីកន្លែងដែលគេទទួលយើង។មិនត្រូវដោះទុកនៅខាងក្រៅទេកុំគិតខ្លាចថាព្រោះអ្នកធំឬផ្ទះចៅហ្វាយនាយឲ្យសោះលោកអ្នកធំលោកពុំប្រកាន់ទេលោកជ្រាបរបៀបសព្វគ្រប់អស់ហើយ។ បើដោះស្បែកជើងនេះចេញវិញទៅជាជំទាស់នឹងទម្លាប់អារ្យធម៌អឺរ៉ុបទៅវិញទេ។
ខ-ស្បែកជើងមិនគ្រប់ជាតិត្រូវរាប់យកស្បែកជើងផ្ទាត់គ្រប់បែបយ៉ាងនឹងស្បែកជើងឈើបើយើងពាក់ស្បែកជើងផ្ទាត់ឬស្បែកជើងឈើទៅវត្តត្រូវដោះទុកនៅកាំជណ្ដើរក្រោមជាដរាបនៅព្រះវិហារក៏ដោយគាត់លោកក៏ដោយតែបើទៅផ្ទះក្រហមវិញស្បែកជើងឈើត្រូវទុកនៅកាំជណ្ដើរក្រោមបង្អស់ឯស្បែកជើងផ្ទាត់ពាក់ឡើងទៅលើផ្ទះគេបានតែត្រឹមមាត់ទ្វារមុខ។
គ-ស្បែកជើងសង្រែកពាក់បានតែដើរលេង ទៅវត្ត ទៅធ្វើការងារព្រោះបើមានការត្រូវដោះចេញយើងនឹងដោះបានដោយងាយ។តែបើយើងពាក់ទៅរកអ្នកធំមានគាល់ព្រះមហាក្សត្រក្តី ក្សត្រធំៗក្តីរដ្ឋមន្ត្រីក្តី នេះមិនបានដាច់ខាត។សូម្បីតែទៅទទួលលៀងក្រយាហារ ក្នុងឱកាសផ្សេងៗនោះស្បែកជើងសង្រែកក៏មិនសមរម្យនិងពាក់ទៅទេ។ ស្បែកជើងសង្រែកទុកដូចជាស្បែកជើងផ្ទាត់ដែរ។ស្បែកជើងសង្រែកជាគ្រឿងប្រដាប់មួយដែលប្រើប្រាស់បានដូចជាស្បែកជើងឃ្លុបជិតជើងទេ។
(ប្រែសម្រួលដោយ÷ចៅតេជេត)(នៅមានត)