ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖ សង្ឃឹមថាប្រទេសមីយ៉ាន់ម៉ានឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ យើងក៏សង្ឃឹមថាប្រទេសមីយ៉ាន់ម៉ានឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព ដែលជាផលប្រយោជន៍រួមរបស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប និងសម្រាប់តំបន់យើងទាំងមូល ។ នេះជាការថ្លែងរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឱកាសសន្ទនាតាមទូរស័ព្ទជាមួយ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេស បង់ក្លាដេស។ 

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំបានសន្ទនាតាមទូរស័ព្ទជាមួយ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេស បង់ក្លាដេសអំពីបញ្ហាប្រឈមមួយចំនួនក្នុងតំបន់យើងសព្វថ្ងៃនេះ។

លោកបន្តថា, យើងមានការព្រួយបារម្ភពីភាពងាយរងគ្រោះរបស់ជនភៀសខ្លួននៅខក់បាសា ដែលអាចទៅចូលរួមចលនារ៉ាឌីកាល់ និងក្រុមជ្រុលនិយម ព្រមទាំងសង្ឃឹមថាដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ពួកគាត់នឹងប្រកបទៅដោយសុវត្ថិភាព និងភាពសមរម្យ។ ទន្ទឹមនឹងនេះ យើងក៏សង្ឃឹមថាប្រទេសមីយ៉ាន់ម៉ានឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព ដែលជាផលប្រយោជន៍រួមរបស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប និងសម្រាប់តំបន់យើងទាំងមូល។

លោកលើកឡើងថា, កម្ពុជានៅតែមានសុទិដ្ឋិនិយមចំពោះសំណើរបស់បង់ក្លាដែសដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ប្រទេសយើងទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកតាមមធ្យោបាយផ្សេងៗ ក្នុងស្មារតីពង្រឹងបន្ថែមនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ៕

ដោយ ៖ សិលា


ចែករំលែក៖