ព័ត៌មានទាន់ហេតុការណ៍៖

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដោយ​ចំណាយថវិកាជាតិសរុបប្រមាណ ១.២លានដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

ចែករំលែក៖

ខេត្ត​កែប​៖​ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿងអាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន សាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ ចំណាយថវិកាជាតិសរុបប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ 

ជាក់ស្ដែង​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ០២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ក្រុងកែប ខេត្ត កែប ដោយមានការចូលរួមពីលោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៥ ,លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកែប ,លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ,លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។ 

ថ្លែងក្នុងរបាយការណ៍គោរពជូនលោកទេសរដ្ឋមន្ត្រី និងអង្គពិធីទាំងមូល លោកអភិបាល នៃគណៈ អភិបាលខេត្តកែប បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង ស្តារ និងជួសជុលឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ ការចាក់បេតុងកៅស៊ូ(AC) និងកៅស៊ូពីរស្រទាប់ស្តើង (DBST)ផ្លូវប្រប មាត់សមុទ្រ ការពង្រីកផ្លូវជាតិលេខ៣៣អា ផ្លូវក្រាលក្រួសក្រហម និងចាក់ខ្សាច់បន្ថែមថ្មីនៅឆ្នេរកំសាន្ត ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ការធ្វើអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នៅឆ្នេរលេងទឹក នៅផ្សារក្តាម មានអគ្គិសនីប្រើប្រាស់២៤ម៉ោងលើ២៤ម៉ោង មានទឹកស្អាតប្រើប្រាស់ ការរៀបចំសួនច្បារសាធារណៈ ដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ដឹកនាំបំផុសធ្វើអនាម័យបរិស្ថាន លើកកម្ពស់សោភ័ណភាពសាធារណៈ ធ្វើឱ្យខេត្តមានភាពស្អាត និងស្រស់បំព្រងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ថែមទៀត។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានគូសបញ្ជាក់អំពីនយោបាយឈ្នះ-ឈ្នះ  របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន នាំមកនូវការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និង កំពង់ផែ និងមានការទទួលស្គាល់ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក និងបានបន្ថែមទៀតថា៖ សន្តិភាពនេះបាននាំឱ្យយើងទាំងអស់គ្នា មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសសមិទ្ធផលដែលបានលេចចេញជារូបរាងឡើងនាពេលនេះ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលរាជដ្ឋាភិបាលកម្ពុជាបានផ្តល់ជាចំណងដៃជូនដល់ប្រជាពលរដ្ឋ។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ នៅពេលខាងមុខ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិ លេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ មានសកម្មភាពកាន់តែមានភាពមមារញឹក។

លោកទេសរដ្ឋមន្ត្រីបាន​សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្ត កែប និងក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរួមសហការយ៉ាងសកម្ម ធ្វើឱ្យសម្រេចនូវសមិទ្ធផលកំពង់ផែទេសចរណ៍-កោះទន្សាយ ដ៏ថ្មីស្រឡាងនេះឡើង។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុននានានៅក្នុងខេត្តកែប ក៏ដូចជាជនរួមជាតិទាំងអស់ជួយថែរក្សា អភិវឌ្ឍ និងមកធ្វើទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិខេត្តកែប និងបន្ដចូលរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើថែមទៀត ដើម្បីលើកកម្ពស់ការចូលរួមចំណែកក្នុងការថែរក្សាសុវត្ថិភាព ការថែទាំ និងការអភិវឌ្ឍផ្លូវ-ស្ពាន ឆ្នេរ និងកំពង់ផែទេសចរណ៍របស់យើង ជាពិសេសផ្លូវចូល និងសំណង់កំពង់ផែនេះ ដើម្បីប្រើប្រាស់ឱ្យមាននិរន្ដរភាព និងយូរអង្វែង។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍នេះ ក៏ដូចជា ម្ចាស់ទូក ឬ នាវា បំពាក់នូវសម្ភារៈបរិក្ខា និងឧបរណ៍ផ្សេងៗឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវា ទាំងអ្នករួមដំណើរ ពាក់អាវពោងឱ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងចេះប្រើប្រាស់នូវឧបករណ៍ទាំងនោះ ដើម្បីទទួលព័ត៌មានអំពីអាកាសធាតុ និងបាតុភូតនានាឱ្យបានស្ទាត់ជំនាញមុននឹងបញ្ជាទូក ឬនាវាក្នុងពេលធ្វើនាវាចរណ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ ក៏បានអំពាវនាវផងដែរសុំឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣-កុំ ៣-ការពារ និងត្រូវបន្តសម្របបន្ស៊ាំខ្លួន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ទៅតាមគន្លងប្រក្រតីភាពថ្មី ជាពិសេសចូលរួមទប់ស្គាត់ការរាលដាលមេរោគអូមីក្រុង ដែលជាមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មីដ៏កាចសាហាវឱ្យ បានជោគជ័យដើម្បីរក្សាជីវិត និងស្តារសេដ្ឋកិច្ច-សង្គម យើងឡើងវិញ។

សូមជម្រាបជូនថា៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះសាងសង់ដោយអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណ ការ និងដឹកជញ្ជូន មានរចនាបទទំនើប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន ក្នុងពេលអនាគតកំពង់ផែនេះនឹងអាចទទួលនាវាទេសចរណ៍ច្រើនជាងនេះទៀតនៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត។ កំពង់ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣ម៉ែត្រ​ គុណ​នឹង​១០០ម៉ែត្រ​ និងអគាររដ្ឋបាលទំហំ១០ម៉ែត្រ​គុណ​នឹង​៣០ម៉ែត្រ​ ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤៨៨០លានរៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖