ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកព្យាករថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែនពីប្រទេសបេឡារូស

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានប្រកាសថា ការធ្វើសមយុទ្ធរួមរវាងរុស្ស៊ីនឹងប្រទេស Belarus នាពេលខាងមុខ គឺជាយុទ្ធសាស្ត្រអនុញ្ញាតឱ្យរុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនពីតំបន់ភាគខាងជើង។
មន្ត្រីអាមេរិកបានបញ្ជាក់ថា «ពេលវេលានៃការធ្វើសមយុទ្ធពិតជាគួរឱ្យចាប់អារម្មណ៍ និងបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឈរជើងនៃកម្លាំងទាហានរុស្ស៊ីនៅក្នុងប្រទេសបេឡារូស ដើម្បីវាយប្រហារអ៊ុយក្រែនពីភាគខាងជើង»។
ជាទូទៅការធ្វើសមយុទ្ធធម្មតាគឺត្រូវតែប្រកាសជាមុន យ៉ាងតិច៤២ថ្ងៃ ក្នុងករណីមានទាហានចូលរួមធ្វើសមយុទ្ធប្រមាណ៩០០០នាក់ ។ ប៉ុន្តែពេលនេះរុស្ស៊ីមានគម្រោងធ្វើសមយុទ្ធដោយមានទាហានចូលរួមដល់ទៅ១៣ពាន់នាក់ ដោយមិនប្រកាសជាមុន ហើយមិនមានអ្នកសង្កេតការណ៍អន្តរជាតិទៀត។ សមយុទ្ធដែលរុស្ស៊ីគ្រោងធ្វើមានឈ្មោះថា «Union Resolve 2022” ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ ដល់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២២។
ក្នុងពេលនេះរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធនេះបានធ្វើដំណើរទៅដល់ ប្រទេសអ៊ុយក្រែនហើយ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន អំពីវិបត្តិនៅចំពោះមុខពាក់ព័ន្ធនឹងប្រទេសរុស្ស៉ី។
បន្ទាប់ពីកិច្ចសន្ទនាកាលពីសប្តាហ៍មុន ដែលមានគោលដៅបន្ធូរបន្ថយភាពតានតឹងមិនទទួលបានលទ្ធផលអ្វីនោះ សេតវិមានអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ បានព្រមានជាថ្មីម្តងទៀតអំពីលទ្ធភាពដែលរុស្ស៉ីអាចនឹងលើកទ័ពចូលឈ្លានពានអ៊ុយក្រែន។ ដើម្បីសម្តែងបង្ហាញការគាំទ្រដល់អ៊ុយក្រែន លោកប្រមុខការទូតសហរដ្ឋអាមេរិក បានសម្រេចទៅបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃនៅទីក្រុងកៀវ។
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Blinken នឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីជួបពិភាក្សាជាមួយក្រុមរដ្ឋមន្រ្តីការបរទេសរបស់អាល្លឺម៉ង់ បារាំង និងអង់គ្លេស ខណៈនៅថ្ងៃបន្ទាប់គឺថ្ងៃសុក្រ លោករដ្ឋមន្រ្តីការបរទេសអាមេរិក នឹងត្រូវជួបជាមួយប្រមុខការទូតរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅទីក្រុងហ្សឺណែវ៕ ដោយ៖ធីរីណា


រូបថត៖Reuters

រូបថត៖CNN


ចែករំលែក៖