ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីបRolls Royce ត្រូវរថយន្តសាំយ៉ុងបុកវៀចកង់ម្ខាងរងការខូចខាតជាខ្លាំង​ រួចរថយន្តបង្កហេតុបើករត់បាត់

ចែករំលែក៖

    ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបម៉ាកRolls Royce ដែលមានតម្លៃរាប់មុឺនដុល្លារ​ ត្រូវរថយន្តសាំយ៉ុងមួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកចំកង់ម្ខាងផ្នែកខាងក្រោយ​ បណ្ដាលឲ្យវៀចកង់បើកទៅមុខលែងរួច​ រីឯរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់​ កាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា​ ឆ្នាំ ២០២២ នៅត្រង់ចំណុចភ្លើងស្តុបដេអិន តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ។ 

    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកRolls Royce ពណ៌ខ្មៅរលោងថ្មីសន្លាងមួយគ្រឿងគ្មានស្លាកលេខបើកតាមបណ្ដោយផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចភ្លើងស្តុបបែកជាបួន ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ2BJ-0208​ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម​ពីលិចទៅកើត​ ក្នុងល្បឿនលឿន​ ហេីយបានជ្រុលទៅបុករថយន្តRolls Royce​ ចំកង់ចំហៀងខាងឆ្វេង​ផ្នែកខាងក្រោយពេញទំហឹង​ បណ្ដាលឱ្យរថយន្តRolls Royce​ ​វៀចកង់ជាខ្លាំងទៅមុខលែងរួច ចំណែករថយន្តបង្កហេតុសាំយ៉ុងបានព្យាយាមបើករត់គេចខ្លួនបាត់ដោយបន្សល់ទុកស្លាកលេខនៅនឹងកន្លែងកើតហេតុ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ដេីម្បីពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ ។ ក្រោយមកម្ចាស់រថយន្តរងគ្រោះបានសុំសមត្ថកិច្ចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង ចំណែកស្លាកលេខរថយន្តបង្ក ត្រូវបានជនរងគ្រោះយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព​ ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរករថយន្តបង្កយកមកដោះស្រាយគ្នាតាមច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖