ខេត្តស្វាយរៀង ៖ ប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុកជាមួយអ្នកថ្មើរជើងដើរឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ ១៤៥និង១៤៦ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាស្ត្រីដែលឆ្លងផ្លូវមិនប្រយ័ត្នមានឈ្មោះ កែវ សំណាង អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យរបួសធ្ងន់បាក់ជើងខាងស្តាំ ។
ចំណែកភាគីម៉ូតូមានឈ្មោះ ពិន សុវណ្ណ អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ អ៊ុំ ខេមរ៉ា អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា សេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១I-៨៨០៥។
បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១I-៨៨០៥ ក្នុងទិសដៅ ពីលិចទៅកើត ខណៈនោះស្រាប់តែមានស្ត្រីម្នាក់ដើរឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
អ្នករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯអ្នករងរបួសស្រាលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត ។
ចំណែកមធ្យោបាយធ្វើដំណើរសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕
ដោយ៖យឹម សុថាន