ភ្នំពេញ៖ នៅយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យ អ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាចសម្រាកព្យាបាលនៅ តាមផ្ទះ សណ្ឋាគារ ឬស្ថានទូត និងអនុញ្ញាតដល់អ្នក ជំងឺកូវីដ ប្រភេទអូមីក្រុង ដែលកំពុងព្យាបាលទាំងអស់ នៅតាមមន្ទីរពេទ្យរដ្ឋអាចចេញទៅព្យាបាលនៅផ្ទះបាន។ នេះជាសារពិសេសដែលសម្តេចបានមានប្រសាសន៍ប្រមាណជាង ៧នាទីនាព្រលប់នេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន ចេញសារកែសម្រួលលក្ខខណ្ឌព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ពីមន្ទីរពេទ្យរដ្ឋដោយជ្រើសរើសទី កន្លែងព្យាបាលដោយខ្លួនឯងបាននៅតាមផ្ទះ សណ្ឋាគារ ឬស្ថានទូត សម្រាប់គ្រប់អ្នកដំណើរទាំងអស់ដែលមក កាន់ប្រទេសកម្ពុជាចាប់ពីយប់ថ្ងៃសុក្រនេះ បន្ទាប់ពីការតាមដានសភាពការណ៍នៃការវិវត្តិន៍ និង រីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មួយរយៈនៅ កម្ពុជា នៅយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ដោយសារតែការពិនិត្យឃើញថាបើទោះបីជា ជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ឆ្លងលឿនក៏ប៉ុន្តែ ស្រាលជាងមិនគ្រោះថ្នាក់បើប្រៀបធៀបជាមួយនឹង កូវីដ-១៩ បំប្លែងដែលតា និងអាល់ហ្វា ដែលមកកន្លង រដ្ឋាភិបាលបានអនុញ្ញាតឱ្យអ្នកជំងឺព្យាបាលនៅតាមផ្ទះ សណ្ឋាគារ និងនៅតាមទីកន្លែងនានា។
តាមរយៈសារសំឡេងសម្តេចតេជោបានសម្រេចថា៖ «ខ្ញុំសូមចេញបទបញ្ជាទៅ ក្រសួងសុខាភិបាល ទៅអាជ្ញាធរពាក់ព័ន្ធដើម្បីអនុវត្តន៍ ដូចតទៅ ទី១សម្រាប់ជនបរទេសទាំងអស់ដែលចូលមក កាន់ព្រះរាជាណាចក្រកម្ពុជានៅពេលដែលពិនិត្យ ឃើញថា រកឃើញវិជ្ជមានកូវីដ-១៩ បើទោះបីជាអូមីក្រុង ឬមិនអូមីក្រុង ក៏សុំអនុញ្ញាតឱ្យទៅសម្រាកព្យាបាលនៅ តាមសណ្ឋាគារ សម្រាកព្យាបាលនៅតាមស្ថានទូត សម្រាកព្យាបាលនៅតាមកន្លែងដែលពួកគាត់ជ្រើសរើស។ ដូច្នេះមិនមានការចាំបាច់យកជនបរទេសចូលទៅក្នុងមន្ទីរ ពេទ្យរបស់យើងទៀតទេ។ សម្តេចតេជោ បន្តថា, ចំណុចទី២ ទាក់ទង នឹងបងប្អូនខ្មែរយើងទាំងខ្មែរមកពីក្រៅប្រទេសទាំងខ្មែរនៅ ក្នុងស្រុក ដែលមានការឆ្លងមើលឃើញថាមានអូមីក្រុងក៏ អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះដូចជំងឺដែលតា និងអាល់ហ្វាដូចគ្នា។ បែបបទនីតិវិធីបច្ចេកទេស សុខាភិបាលក៏ត្រូវធ្វើដូចគ្នា»។
សម្តេចតេជោបន្ថែមថា៖ «ក្នុងករណីដែលមិនមានផ្ទះ ដែលអាចព្យាបាលបាន ចាំមកទីកន្លែងមន្ទីរពេទ្យរបស់រដ្ឋ។ ប៉ុន្តែក្នុងករណីដែលអាចព្យាបាលសុំផ្ដល់ឱកាស សម្រាប់ការព្យាបាលនៅតាមទីកន្លែងដែលខ្លួនត្រូវការ។
សម្តេចតេជោលើកទៀតថា, ទី៣ចំពោះអ្នកជំងឺអូមីក្រុងដែលកំពុងស្ថិតក្នុងមន្ទីរ ពេទ្យបច្ចុប្បន្ននេះជាបរទេស ឬក៏ជាជនជាតិកម្ពុជាយើង ហើយចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះឬ ទៅតាមសណ្ឋាគារក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់ នេះតទៅ» ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដោយមានការព្រួយបារម្ភអំពីការរីករាលដាល នៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង នាយករដ្ឋមន្ត្រី កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិន អនុញ្ញាតឱ្យមានការព្យាលជំងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុង នៅផ្ទះនោះទេ ដោយតម្រូវឱ្យយកទៅព្យាបាលនៅមន្ទីរ ពេទ្យដើម្បីការពារការចម្លងនៃជំងឺនេះទៅក្នុងសហគមន៍។
ទោះជាយ៉ាង ដោយសារក្នុងរយៈពេលចុងក្រោយនេះ សម្ដេចតេជោបានពិនិត្យឃើញថាជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងនេះមានលក្ខណៈឆ្លងលឿនប៉ុន្តែស្រាល មិនបណ្តាលឱ្យគ្រោះថ្នាក់បើប្រៀបធៀបជាមួយនឹង ជំងឺកូវីដ-១៩ បំប្លែងប្រភេទដែលតា និងអាល់ហ្វា ទើប នៅយប់ថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ បានចេញសារសំឡេងសម្រេចសារជាថ្មីដើម្បីអនុញ្ញាតឱ្យ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាច ជ្រើសរើសកន្លែងព្យាបាលដោយខ្លួនឯងបាន។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៣៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៧៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៤,៧៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៥៦% ៕
ដោយ ៖ សិលា