ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Et.Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រភេទន៍ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Et.Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង Etiaxi Detranspirant Treatment ដោយគ្មាន លេខប្រវេទន៍ពីក្រសួងសុខាភិបាល និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយគិតត្រឹម ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។
អនុលោកតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថតម្រូវឱ្យរាល់ការចរាចរគ្រឿងសំអាង គ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុ ជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងទាំងនេះបន្តទៀត។ ក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់ គណនីហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ឋដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ គ្រឿងសម្អាងទាំងអស់នេះជាបន្ទាន់ និងប្រមូលផលិតផលខាងលើនេះមកកំទេចចោល ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Et.Cambodia និងជនពាក់ព័ន្ឋដទៃទៀតដែលនាំចូល ចែកចាយ លក់ និងផ្សព្វផ្សាយគ្រឿងសម្អាងខាងលើ នេះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជា ធរមាន។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាងនៃក្រសួងសុខាភិបាល តាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១,០១១ ៥៧៤ ៧៨៧,០១២ ៩៨៣ ៣៣៤,០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦ ៕
ដោយ ៖ សិលា