ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងបុរស២នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ជូនយកទៅ សង្គ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូពីរគ្រឿងបុកគ្នា ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៦៩ (ក្បែរអតីតប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា) ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះដុន តាំង អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ ដែលស្លាប់បានបើកម៉ូតូម៉ាកហុងងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-3637 តាមបណ្ដោយផ្លូវលេខ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន២នាក់ទៀតជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-3407 ក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនបានបើកវ៉ាជែងរថយន្ដមួយគ្រឿងមិនចាំម៉ាកក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែកជិះម្នាក់ឯង ចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំង ២គ្រឿងគាបជាប់គ្នាខ្ទេចស្ទើរទាំងស្រុង និងបណ្តាលឱ្យយុវជនដែលជិះម៉ូតូម្នាក់ឯងបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកឯភាគីម្ខាងទៀតរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗដែរ៕
ដោយ៖ជ្រោយពេជ្រ