ខេត្តស្វាយរៀង ៖ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង និងសាលាគណខេត្តស្វាយរៀង បានរៀបចំកម្មវិធីកាត់បើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិក នាសម័យប្រឡងថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២២ ក្រោមនិមន្តពី ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង នៅមណ្ឌលប្រឡងខេត្តស្វាយរៀង ស្ថិតនៅវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀងនាព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២២។
ក្នុងឱកាសនោះមាននិមន្តចូលរួមពីព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្ត និងជាព្រះនាយករងពុទ្ធិកអនុវិទ្យាល័យស្វាយរៀង លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង លោកស្រី អឿន សម្បត្តិ ប្រតិភូតិតំណាងក្រសួងធម្មការ និងសាសនា ដោយមានការនិមន្ត និងអញ្ជើញចូលពីសមាសភាពនៃគណៈប្រឡងផងដែរ។
លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានអោយដឹងថាឆ្នាំនេះការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា មាន១មណ្ឌល ស្ថិតនៅវត្តជម្ពូព្រឹក្សា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានបេក្ខសមណ:-បេក្ខជន បានដាក់ពាក្យប្រឡងចំនួន១៥៧អង្គ-នាក់ ស្មើនឹង៧បន្ទប់។
មិនតែប៉ុណ្ណោះគណៈកម្មការទាំងអស់ ត្រូវយកចិត្តទុកដាក់លើវិធានការសុខភាព និងអនុវត្តឲ្យបាននូវវិធានការ ៣ ការពារ និង៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាកុំឲ្យមានការឆ្លងវីរូសកូវីដ-១៩ ក្នុងពេលប្រឡង។
បន្ទាប់មក ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តស្វាយរៀងនិមន្តកាត់បើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងលើកទឹកចិត្តដល់បេក្ខសមណ:-បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងជូនពរប្រឡងទទួលបានលទ្ធផលជោគជ័យ ៕
ដោយ៖យឹម សុថាន