ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីបុរសម្នាក់ ជាអ្នកគង្វាលពពែម្នាក់ សង្ស័យទាញប៉ះចំគ្រាប់បែកបណ្ដាលឱ្យផ្ទុះរងរបួសដៃស្ដាំធ្ងន់ធ្ងរ។
ករណីខាងលើនេះ បានកេីតឡេីងកាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចព្រំដែន កម្ពុជា-ថៃ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលព្រំដែន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ីន រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
របាយការណ៍ដដែលបន្តថា មុនពេលកេីតហេតុ គឺជនរងគ្រោះ បានទៅឃ្វាលពពែ ជិតស្ពានថៃ ភូមិ-ឃុំណងម៉ាកមូន ស្រុកគោកស៊ូង ខេត្តស្រះកែវ (ខាងថៃ) ទល់មុខភូមិ/ឃុំអូរបីជាន់ ស្រុកអូរជ្រៅ (ខាងកម្ពុជា) ពេលនោះក៏ប្រទះឃើញដែកបំពង់ទីបមួយ (សង្ស័យជាគ្រាប់បែក) ដោយពុំដឹង ឬស្គាល់ថាជាអ្វី ហេីយជនរងគ្រោះ ក៏បានលូកដៃចាប់ទាញ បណ្ដាលឲ្យផ្ទុះរងរបួសដៃស្ដាំធ្ងន់ធ្ងរ។
ភ្លាមៗសមត្ថកិច្ចការពារព្រំដែន ក៏បានដឹកបញ្ជូនជនរងគ្រោះមកទឹកដីប្រទេសកម្ពុជា ហើយយកទៅសង្គ្រោះសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី) ក្រុងប៉ោយប៉ែត៕
ដោយ៖សហការី