ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ សង្ឃឹមថាការបិទបញ្ចប់ការយកពន្ធអង្ករកម្ពុជារបស់អឺរ៉ុប​ នឹងកើនឡើងវិញ ក្នុងបរិមាណ៣០ម៉ឺនតោនក្នុង១ឆ្នាំ

ចែករំលែក៖

.   ភ្នំពេញ៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះថា៖ “ការបិទបញ្ចប់ការយកពន្ធអង្ករកម្ពុជារបស់អឺរ៉ុប យើងសង្ឃឹមថា ស្ថានភាពនឹងវិលទៅរកបរិមាណ ដូចធ្លាប់នាំចេញចន្លោះពី២០១៦ ដល់២០១៨ ដែលមានបរិមាណពី២៥-៣០ម៉ឺនតោនក្នុង១ឆ្នាំ”។

លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា​ ដែលជាក្បាលម៉ាស៊ីនដឹកនាំវិស័យឯកជន លើផ្នែកស្រូវអង្ករ​ បានរំពឹងថា ការបញ្ចប់យកពន្ធអង្ករកម្ពុជាពីអឺរ៉ុបនេះ នឹងជួយមួយផ្នែកធ្វើឲ្យមានតម្រូវការនាំចេញច្រើនជាងមុន ដែលជាកត្តាជួយដល់ការទិញស្រូវ ពីកសិករកាន់តែច្រើនជាងមុន។ ដូច្នេះចំពោះក្រុមហ៊ុន ឬកសិករសម្លឹងលើទីផ្សារអឺរ៉ុប ត្រូវពិចារណាលក្ខណៈពិសេសនៃការដាំដុះ ការថែទាំយកចិត្តទុកដាក់ ដោយការគោរពនូវបទដ្ឋាននានា ដូចជាការធ្វើស្រូវសិរីរាង្គជាដើម នេះជាការបង្កើតតម្លៃបន្ថែមលក់បានថ្លៃជាងការធ្វើស្រែធម្មតា តែការងារនេះត្រូវផ្សព្វផ្សាយឲ្យមានការទទួលស្គាល់ ពីអ្នកទិញផងដែរ។

សូមជម្រាបថា​ បន្ទាប់ពីអនុវត្តរយៈពេល៣ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០១៩​កន្លងទៅនេះ​ សហភាពអឺរ៉ុប (EU) បានបញ្ចប់ការយកពន្ធការនាំចេញអង្ករកម្ពុជាហើយ ត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។​

គួរបញ្ជាក់ថា ការយកពន្ធអង្ករកម្ពុជា ពីសហគមន៍អឺរ៉ុប បានចាប់ផ្ដើមអនុវត្ដ នៅឆ្នាំ២០១៩ ហើយការយកពន្ធនេះ គឺមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ចំណែកការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២១ មានចំនួន១៥៥ ៧៧៣តោន, ក្នុងឆ្នាំ២០២០មានចំនួន ២០៣,៧៩១តោន, ឆ្នាំ២០១៩ ចំនួន២០២,៩៩០តោន និងនៅឆ្នាំ២០១៨ មានចំនួន ២៦៩ ១២៧តោន៕ដោយ៖សហការី​

រូបភាព៖ឯកសារ


ចែករំលែក៖