ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស៊ីម៉ងត៍២គ្រឿងបុកគ្នាក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ងត៍បេីកលឿនមិនប្រយ័ត្នជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ដូចគ្នាបណ្តាលឱ្យក្រឡាប់ធ្លាក់ចូលប្រឡាយគរលេីគ្នារងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកសុីម៉ងត៍ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0688 បើកបរតាមបណ្តោយជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់ចតលើចិញ្ចើមផ្លូវ អ្នកបើកបរចុះបត់ជើង ស្រាប់តែមានរថយន្តបង្ក ដឹកសុីម៉ងត៍ដូចគ្នា ម៉ាកហុីយ៉ាន់ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-2768 សណ្តោងរុឺម៉ក ស្លាកលេខ ព្រះសីហនុ 4A-2124 បើកពីត្បូងទៅជើង សង្ស័យអ្នកបើកបរងងុយដេក ទើបជ្រុលចង្កូតទៅបុកពីក្រោយ បណ្តាលឱ្យក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកទាំង២គ្រឿងគរលើគ្នា សំណាងល្អ មនុស្ស២នាក់ ប្រុស១នាក់ ស្រី១នាក់ ខាងរថយន្តបង្ក មិនមានរងរបួស លូនចេញ ហើយឡើងជិះម៉ូតូឌុបចាកចេញទៅបាត់ ។

ក្រោយកើតហេតុ មកដល់ព្រឹកថ្ងៃដដែល ទើបឃើញថៅកែរថយន្តទាំងសងខាង មកពិនិត្យមើលជាក់ស្តែង និយាយគ្នា ដោយខាងរថយន្តបង្កចេញសងថ្លៃខូចខាត ទាំងសុីម៉ងត៍ ទាំងរថយន្ត រួចស្ទូចលើកយករថយន្តចេញ ដោយមិនឱ្យសមត្ថកិច្ចខ្វល់ឡើយ ៕

ដោយ៖សុខសែនជ័យ


ចែករំលែក៖