ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនឪពុកញៀនស្រានិងប្រើហិង្សាលើកូន ទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវគេសង្ស័យប្រើប្រាស់គ្រឿងញៀននិងផឹកស្រាស្រវឹងរួចប្រើហិង្សាយកខ្សែក្រវ៉ាត់វាយកូន មានស្លាកស្នាមរបួសពេញខ្លួនត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២២ខែមករាឆ្នាំ២០២២។

 សមត្ថកិច្ចបានឱ្យដឹងថា៖ ជនដង្ស័យជាឪពុកបង្កើតឈ្មោះ ថា សុភ័ក្រ ភេទប្រុស  អាយុ៣១ឆ្នាំចំណែកកូនជាជនរងគ្រោះឈ្មោះសុខ ភក្តី ភេទប្រុសអាយុ០៥ឆ្នាំ ទាំង០២នាក់រស់នៅភូមិត្រពាំងសំ​រោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ថាករណីអំពើហិង្សាដោយចេតនានេះបានកើតឡើងនៅវេលាម៉ោង០៩យប់ថ្ងៃទី២០ខែមករា ឆ្នាំ២០២២ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖ជនបង្កជាមនុស្សញៀនស្រានិងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានប្រពន្ធលែងលះរយៈពេល០៥ឆ្នាំមក ដោយទុកកូនឱ្យខាងប្តីជាអ្នកមើលថែ។

នៅមុនពេលកើតហេតុ ជនបង្កជាឪពុកបានផឹកស្រាស្រវឹង ហើយបានយកខ្សែក្រវ៉ាត់ វាយទៅលើកូនរបស់ខ្លួនមានអាយុ០៥ឆ្នាំ បណ្តាលឲ្យមានស្លាកស្នាមជាំពេញខ្លួនឃើញពីទង្វើដ៏អាក្រក់នេះក៏ត្រូវបានអ្នកជិតខាងជួយឃាត់និងមានការជួយអន្តរាគមន៍ពីកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ បានឃាត់ខ្លួនជនបង្កយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖