មេទ័ពអ៊ុយក្រែនមួយរូបបានបញ្ជាក់ថា ការវាយប្រហារអ៊ុយក្រែនគឺជាប់ពាក់ព័ន្ធជាមួយការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ សារព័ត៌មាន Bloomberg បានផ្សាយថា ប្រធានាធិបតីចិនស៊ី ជីនពីង បានស្នើដល់ប្រធានាធិបតីពូទីនឱ្យផ្អាកការឈ្លានពានអ៊ុយក្រែន រង់ចាំបញ្ចប់ការប្រកួតកីឡាអូឡំាពិកសិន។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Times លោកឧត្តមសេនីយ៍ Alexander Pavlyuk មេបញ្ជាការកងទ័ពអ៊ុយក្រែនប្រកាសថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០២២ ចំពេលដែលការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងបានបញ្ចប់។ មេទ័ពអ៊ុយក្រែនបញ្ជាក់ថា រុស្ស៊ីនឹងមិនធ្វើឱ្យខកខាន ប៉ះពាល់ដល់ការរៀបចំព្រឹត្តិការណ៍កីឡារបស់ប្រទេសសម្ពន្ធមិត្តនោះឡើយ។
មេទ័ព Alexander Pavlyuk ក៏បានព្រមានដល់ទីក្រុងមូស្គូ ថា ពលរដ្ឋអ៊ុយក្រែនបានត្រៀមលក្ខណៈរួចរាល់សម្រាប់កម្ចាត់រុស្ស៊ីដោយដៃទទេ ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុង Kiev បានត្អូញត្អែរថា មិនទទួលបានជំនួយយោធាគ្រប់គ្រាន់ សម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី ហើយការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីតាមសំណើរបស់អ៊ុយក្រែនក៏យឺតយ៉ាវទៀត។
មេទ័ព Alexander Pavlyuk មិនមែនជាមនុស្សតែមួយគត់ដែលបានផ្សារភ្ជាប់រវាងការប្រកួតកីឡា អូឡាំពិកទីក្រុងប៉េកាំង និងការឈ្លានពានអ៊ុយក្រែនពីរុស្ស៊ី។ កន្លងមកក៏មានមន្ត្រីជាច្រើនបានលើកឡើងបែបនេះផងដែរ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសរុស្ស៊ីបានប្រតិកម្មយ៉ាងខ្លាំងចំពោះសារព័ត៌មាន Bloomberg ដែលបានចុះផ្សាយព័ត៌មាននៅល្ងាចថ្ងៃទី២២ខែមករា ថាប្រធានាធិបតីចិនស្នើប្រធានាធិបតីរុស្ស៊ីពន្យារពេលវាយប្រហារអ៊ុយក្រែន នេះជាព័ត៌មានក្លែងក្លាយ ជាសកម្មភាពឌឺដង់ ញុះញង់៕ ដោយ៖ធីរីណា
រូបថត៖AFP