ខេត្តមណ្ឌលគិរី៖ ដោយសារតែការធ្វេសប្រហែសស្រ្តីម្នាក់ ជាជនជាតិព្នង បានជួលត្រាក់ទ័រមួយគ្រឿង ដេីម្បីឈូសឆាយដីចម្ការរបស់ខ្លួន គោលបំណងដាំដំឡូងមី ខណៈដែលគាត់ដុតស្មៅ ភ្លេចមើលត្រាក់ទ័រខូច បណ្ដាលឱ្យឆាបឆេះទាំងត្រាក់ទ័រ អស់ ១គ្រឿងនោះខ្ទេចទាំងស្រុង។ ចុងក្រោយម្ចាស់ត្រាក់ទ័រប្ដឹងទៅសមត្ថកិច្ចទាមទារសងប្រាក់ជាង ១ម៉ឺនដុល្លារ។
ករណីប្ដឹងខាងលេីនេះ បានធ្វេីឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក ស្ថិតនៅចំណុចឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះថា៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក បានទទួលពាក្យបណ្ដឹង ពីឈ្មោះ ភិន ទីន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មកស្នាក់នៅ បណ្ដោះអាសន្ន ក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ចំណែកម្ចាស់ចម្ការ ឈ្មោះ រិទ្ធ ទិត្យ ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ នៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបានដុតគំនរព្រៃ និងស្មៅ បណ្ដាលឱ្យភ្លើងឆេះត្រាក់ទ័រភ្ជួរដី ចំនួន ១គ្រឿងរបស់គាត់។
របាយការណ៍ដដែល បន្តថា យោងតាមដំណើររឿងមុនពេលកេីតហេតុ គឺម្ចាស់ចម្ការឈ្មោះ រិទ្ធ ទិត្យ ភេទស្រី បានជួលគ្រឿងចក្រ ដែលមានម្ចាស់ឈ្មោះ ភីន ទីន ភេទប្រុស អាយុ ៣៩ឆ្នាំ(ដេីមបណ្ដឹង)ឱ្យទៅឈូសឆាយដីចម្ការរបស់ខ្លួន គោលបំណងភ្ជួរដីដើម្បីដាំដំឡូងមី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២។ ក្រោយមកនៅថ្ងៃកេីតហេតុពេលឈូសឆាយដី ជិតរួចហើយ ស្រាប់តែត្រាក់ទ័រក៏បានខូច (ឆេះដុំភ្លើង)។ ពេលនោះម្ចាស់ត្រាក់ទ័រ (ឈ្មោះ ភីន ទីន) ក៏បានដោះយកដុំភ្លើង យកទៅជួសជុល។ ចំណែកម្ចាស់ចម្ការ (ឈ្មោះ រិទ្ធ ទិត្យ)ក៏បានដុតគំនរព្រៃ និងស្មៅ ដែលត្រាក់ទ័រ បានឈូស ប្រមូលនៅជិតត្រាក់ទ័រដែលខូច ហើយក៏មិនបាននៅមើលភ្លើង ដែលខ្លួនបានដុតនោះទេ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង ១៤និង ៣០នាទីនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ម្ចាស់ត្រាក់ទ័រ ឈ្មោះ ភីន ទីន បានត្រឡប់ទៅមើលត្រាក់ទ័រនោះ ហើយក៏បានឃើញភ្លើង ឆេះត្រាក់ទ័ររបស់ខ្លួនអស់បាត់ទៅហើយ។
ក្រោយកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញមានភ្លើងឆេះត្រាក់ទ័រ និងខូចខាតអស់ ពិតប្រាកដមែន។ បច្ចុប្បន្ន ម្ចាស់ត្រាក់ទ័រ ក៏បានដាក់ពាក្យបណ្ដឹងប្ដឹងម្ចាស់ចម្ការឱ្យចេញសងថ្លៃត្រាក់ទ័រ ចំនួន ១៣.០០០ដុល្លារ។ ដោយឡែកភាគីម្ចាស់ចម្ការវិញ គ្មានលុយសងដោយស្នើសុំឱ្យភាគីម្ចាស់ត្រាក់ទ័យកដីចម្ការរបស់គាត់វិញទៅ៕
ដោយ៖សហការី