ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមកាន់តែខិតជិត អាមេរិកជម្លៀសពលរដ្ឋចេញពីប្រទេសអ៊ុយក្រែន

ចែករំលែក៖

អាមេរិកបានបង្ហាញក្តីបារម្ភពីសង្គ្រាមវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី ដែលការវាយប្រហារនោះអាចធ្វើឡើងពីប្រទេសជិតខាង បេឡារុស(Belarus)ដែលមានកម្លាំងទាហានរុស្ស៊ីឈរជើងនៅទីនោះ។
ក្នុងពេលនេះអាមេរិកបានចេញ
បញ្ជាដល់បុគ្គលិក ក្រុមគ្រួសារធ្វើការនៅស្ថានទូតអាមេរិកក្នុងទីក្រុងKiev ត្រូវប្រញាប់ចាកចេញមកកាន់អាមេរិកវិញ ព្រោះតែការគំរាមកំហែងពីសង្គ្រាមវាយប្រហារកាន់តែខិតជិត។ ក្នុងពេលនេះដែរ ប្រធានាធិបតីអាមេរិក ចូ បៃឌិនបានឡើងគម្រោងបញ្ជូនទាហានទៅកាន់ប្រទេសតំបន់អឺរ៉ុបខាងកើតដើម្បីត្រៀមជួយដល់អ៊ុយក្រែន។
ក្រសួងការបរទេសអាមេរិកបានបង្គាប់ឱ្យក្រុមគ្រួសារនៃបុគ្គលិកស្ថានទូតរបស់ខ្លួនចាកចេញពី ប្រទេសអ៊ុយក្រែន ដោយសារបារម្ភពីការគំរាមកំហែងសកម្មភាពយោធាពីសំណាក់រុស្ស៊ី។ បទបញ្ជាខាងលើដែលធ្វើឡើងដោយក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតផងដែរឱ្យបុគ្គលិកស្ថានទូតអាមេរិកចាកចេញពីអ៊ុយក្រែនដោយ ស្ម័គ្រចិត្ត ខណៈផ្ដល់យោបល់ឱ្យពលរដ្ឋអាមេរិកពិចារណាចាកចេញជាបន្ទាន់។ ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ ប្រទេសអ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «យើងបានប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាលអ៊ុយក្រែនអំពីជំហាននេះ ហើយយើងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតនៃប្រទេសជាសម្ពន្ធមិត្ត និងដៃគូប្រចាំទីក្រុងកៀវ»។
បើតាមស្ថានទូតអាមេរិកប្រចាំអ៊ុយក្រែន រុស្ស៊ីអាចនឹងធ្វើសកម្មភាពយោធាគ្រប់ពេលវេលា ដូច្នេះពលរដ្ឋអាមេរិកគួរតែមានផែនការ និងត្រៀមលក្ខណៈជម្លៀសខ្លួនឱ្យបានសមស្រប៕

ដោយ៖ធីរីណា(រូបថត៖1thegioi.vn)


ចែករំលែក៖