ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី ក.ប.ប. បន្តត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត

ចែករំលែក៖

ខេត្តកំពត​៖​ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ​ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានបន្តត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត​ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅនេះ។

ជាក់ស្ដែង​មន្ត្រីសាខា ក.ប.ប. ខេត្តកំពត​ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ​ ក្រោមការសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត សហការជាមួយគណៈកម្មការបង្ក្រាបបទល្មើសនាំចូលខេត្តកំពត បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពទំនិញ លើរថយន្តដឹកគ្រឿងសមុទ្រចំនួន ០២ឡានតូរីស ដែលសមត្ថកិច្ចបានឃាត់ក្នុងថ្ងៃខែឆ្នាំខាងលើ និងបញ្ជូនមកទីតាំងតំបន់សឹករងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ។

គួរបញ្ជាក់ថា​ រថយន្តទាំង២គ្រឿងនោះមានផ្ទុកដូចជា៖ បង្គាក្លាសេ អយស្ទ័រ, គ្រែងឈាម, មឹកស្រស់​-ក្រៀម, ត្រីឆ្ពង់ និងក្តាមប្រៃ សរុបទម្ងន់ ២ ២៦៥គីឡូក្រាម ដែលជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុចាហួយ (CMC) ឬសារធាតុគីមីហាមឃាត់ចាក់បញ្ចូល ឬលាយបន្ថែមលើទំនិញទាំងនោះឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖