ភ្នំពេញ៖ រថយន្តសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យឯកជនពហុព្យាបាល និងសម្ភពម៉ាលីសបុត្របានបើកបរលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្ត២គ្រឿងបន្តកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាតសរុបចំនួន៣គ្រឿង តែសំណាងដែរដែលមិនបង្កឱ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តមន្ទីរពេទ្យពហុព្យាបាល និងសម្ភពម៉ាលីសបុត្រមួយគ្រឿងម៉ាក Hyundai Starex ពណ៌សលាយលឿងពាក់ស្លាកលេខភ្នំពេញ2BL-9135 បើកតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តទំនើបមួយគ្រឿងដែលនៅពីមុខម៉ាកDiscovery Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-2508ដែលស្របទិសគ្នាចំពីក្រោយបណ្តាលឱ្យខូចខាតផ្នែកក្រោយចំហៀងខាងឆ្វេងយ៉ាងដំណំ រួចរុញបន្តទៅបុករថយន្តឃ្លុបកូរ៉េដឹកទំនិញមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2BJ-3623នៅពីមុខបណ្តាលឱ្យរងការខូចខាតបែកស្តុប ចំណែករថយន្តមន្ទីរពេទ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំផងដែរ តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងជួយសម្រួលចរាចរណ៍ដោយយករថយន្តដាក់អែបទៅខាង ហើយភាគីខាងរថយន្តពេទ្យបានចេញថ្លៃខូចខាតទៅឱ្យភាគីខាងរថយន្តឃ្លុបដឹកទំនិញចំនួន២០ដុល្លារបញ្ចប់រឿងមួយករណី ចំណែករថយន្តស៊េរីទំនើបកំពុងធ្វើការចរចាគ្នានៅកន្លែងកើតហេតុបើមិនត្រូវរ៉ូវគ្នាទេកម្លាំងជំនាញនឹងធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យជំនាញខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាពេលក្រោយ៕
ដោយ ៖ រ៉ារ៉ា