ខេត្តតាកែវ៖ បើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា លោក អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការផ្ដល់សេវារដ្ឋបាលប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារប្រចាំឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្តតាកែវ ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក លោកប្រធានអង្គភាពច្រកចេញ ចូលតែមួយរដ្ឋបាលខេត្ត លោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធមួយចំនួន។
បន្ទាប់ពីបានស្ដាប់សេចក្ដីរាយការណ៍សង្ខេបរបស់ លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញ ចូលតែមួយខេត្ត អំពីសកម្មភាពលទ្ធផលការងារសម្រេចបានឆ្នាំ២០២១ និងបញ្ហាប្រឈម ព្រមទាំង ដំណោះស្រាយមួយចំនួនរួចមក។
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ដែលរួមគ្នាបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានបន្តលើកទឹកចិត្ត ដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ខេត្ត ក្រុង ស្រុក ព្រមទាំង អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង សូមខិតខំធ្វើការងារ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បានទាន់ពេលវេលា និងប្រកបដោយតម្លាភាព ប្រសិទ្ធភាព ព្រមទាំងលើកឡើងអំពីលទ្ធផល នៃការពិភាក្សា និងស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈម ដើម្បីដាក់ទិសដៅ ធ្វើការសម្រេចលទ្ធផលការងារនៅក្នុងឆ្នាំ២០២២ ឱ្យមានដំណើរការល្អប្រសើរបន្ថែមទៀត ដែលជា ការរួមចំណែកសម្រាប់ជួយដល់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ៖សហការី