ភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះថា៖ កម្ពុជា ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅក្នុងឆ្នាំ២០២១ រកចំណូលបានជាង៦១១លានដុល្លារ។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា៖ ចំណូលសរុបឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៦១១,៧៧០,៨១៤ដុល្លារក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៦១០,២៥៥,៨០០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន១,៥១៥,០១៤.៨៤ដុល្លារ។
ចំណែកចំពោះបរិមាណនៃការនាំចេញគិតត្រឹមឆ្នាំ២០២១ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន កើនឡើងចំនួន២៨,០០០តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៥៤ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឆ្នាំ២០២១ ថ្លៃ១,៦៦៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២៨៤ដុល្លារ ក្នុងមួយតោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គួរជម្រាបថា គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
ដោយឡែក កម្ពុជា នៅក្នុងឆ្នាំ២០២០កន្លងទៅ បាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ខណៈជ័រកៅស៊ូរបស់កម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន ,វៀតណាម, សង្ហឹបុរី និងម៉ាឡេស៊ីផងដែរ៕
ដោយ៖ស តារា