ខេត្តពោធិ៍សាត់៖ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ មន្ត្រីក.ប.ប.ប្រចាំខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ បានធ្វើការចុះអង្កេតទីផ្សារនានា ដើម្បីធានាបាននូវគុណភាពទំនិញដែលចរាចរលើទីផ្សារ និងដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទំនិញម្ហូបអាហារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២៥ ខែមករា ឆ្នាំ២០២២។
ជាក់ស្ដែងក្នុងប្រតិបត្តិការលើកនេះ បានធ្វេីឡើងនៅថ្ងៃទី២៤ ខែមករាម្សិលមិញនេះ ដោយមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាពចំនួន ២០០.៩៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៨លីត្រ។
គួរបញ្ជាក់ថា ក្រោយប្រតិបត្តិការចប់ទំនិញខាងលើ ត្រូវបានមន្ត្រីក.ប.ប. ដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល ខណៈម្ចាស់ទំនិញត្រូវបានធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការចែកចាយទំនិញខូចគុណភាព៕
ដោយ៖ស តារា