ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យសោកស្ដាយផ្ទះពលរដ្ឋជាង២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងកាលពីម៉ោង៤ល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០២២ នៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
ក្នុងហេតុការណ៍នេះគេសង្កេតឃើញមានវត្ថមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារ គ្រប់គ្រងអាវុធជាតិផ្ទុះ ជាតិពុលនិងអគ្គិភ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ មន្ត្រីអាជ្ញាធរ កងកម្លាំង និងអ្នកភូមិជួយអន្តរាគមន៍ពន្លត់ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្រុកស្វាយចេក បានគ្រប់គ្រង់ស្ថានការណ៍បាននៅម៉ោងជិត៥ល្ងាចថ្ងៃដដែល ហើយមិនបង្កឲ្យរាលឆេះទៅផ្ទះជិតខាងនិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ផ្ទះត្រូវអគ្គិភ័យឆាបឆេះ ទី១/- ឈ្មោះ មិច ប៉ា ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរជាងមាស ផ្ទះទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ឆេះអស់ទាំងស្រុង ខូចខាតសម្ភារទ្រព្យសម្បតិ្ត មាន ៖ មាស ១០តម្លឹង,ប្រាក់ថៃ៧០ម៉ឺនបាត,ប្រាក់អាមេរិក៧៨.០០០ ដុល្លារ,ប្រាក់ខ្មែរ២០លានរៀល។
ទី២/-ផ្ទះរបស់ឈ្មោះវុន អួន ភេទប្រុសអាយុ៧៤ឆ្នាំ ទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ឆេះអស់ទាំងស្រុង ខូចខាតសម្ភារៈទ្រព្យសម្បតិ្តមាន មាស៩ជី,ប្លាទីន៥ជី,ប្រាក់ខ្មែរ៨០ម៉ឺនរៀល,ប្រាក់ថៃ២,៥០០បាត។
ទី៣/ផ្ទះរបស់ឈ្មោះ ឃ្លឿម ទូច ភេទស្រី អាយុ៥២ឆ្នាំ ទំហំ៧ម៉ែត្រគុណ៦ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ខូចខាតជញ្ជាំង១ចំហៀង ។
លោកស្នងការរង ប៊ុន ផេង បានបញ្ជាក់ថា៖ តាមការបំភ្លឺពីប្រជាពលរដ្ឋនៅទីនោះ ដំបូងភ្លើងបានឆាបឆេះចេញពីផ្ទះរបស់ឈ្មោះ មិច ប៉ា នៅជាន់លើ ដោយសារទុស្សេខ្សែភ្លើងដាច់ធ្លាក់ចំពូក ដោយម្ចាស់នៅក្រោមផ្ទះកំពុងធ្វើត្រីប្រហុក មិនបានដឹង ទាល់តែភ្លើងឆាបឆេះសន្ធោសន្ធៅ ទើបមានការភ្ញាក់ផ្អើល បន្ទាប់មកបានរាលដាលទៅផ្ទះទី២ឈ្មោះវុន អួន ទាំង២ផ្ទះនេះឆេះទាំងស្រុង និងទី៣ឈ្មោះ ឃ្លឿម ទូច ឆេះអស់ជញ្ជាំង១ចំហៀង។ក្នុងករណីអគ្គិភ័យនេះ យើងបានប្រើប្រាស់រថយន្តចំនួន០៥គ្រឿង ក្នុងនោះបាញ់ទឹកអស់ចំនួន៤គ្រឿង ដោយគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅម៉ោងជិត៥ល្ងាចដដែល ហើយមិនបង្កឲ្យរាលឆេះទៅផ្ទះជិតខាងទៀតនោះឡើយ។
ដោយ ៖ វណ្ណា