(តពីលេខមុន).
៦-សម្លៀកបំពាក់ទៅលេងផ្ទះបងប្អូន
បងប្អូននិងមិត្តសម្លាញ់ជាមនុស្សស្និទ្ធចិត្តនឹងគ្នា ដោយមេត្រីចិត្តដោយសេចក្តីរាប់អាន មានការឈឺឆ្អាលឬនឹករលឹកគ្នា ជួយធុរៈគ្នាទៅវិញទៅមកកាលគ្រាទៅលេងនឹងគ្នាសួរសុខទុក្ខក្តីជួយខ្វាយខ្វល់ក្នុងកិច្ចការផ្សេងៗក្តី យើងគប្បីរៀបចំសម្លៀកបំពាក់ឲ្យសមរម្យល្មមតាមកាលវេលា។
ប្រៀបដូច÷
ទៅលេងសប្បាយដោយនឹករលឹកឬជួយធុរៈនោះ គប្បីស្លៀកពាក់យ៉ាងល្មមក៏បាន។
ប្រុសស្លៀកខោជើងវែងអាវសឺមីស.មានក្រវាត់កក៏បានឥតក្រវាត់ក៏បាន ស្បែកជើងសម្រែកក៏បានឬមួយខោចិនអាវចិនបែកជើងផ្ទាត់ក៏បាន។ស្លៀកពាក់យ៉ាងនេះដោយស្និទ្ធស្នាលនេះមួយ ដោយឲ្យងាយជួយចាត់ចែងការទាំងឡាយមានលើកដាក់ជាដើមនេះមួយ។
បើពុំនោះសោតទេយើងស្លៀកពាក់យ៉ាងស្អាតល្អត្រឹមត្រូវដូចជាទៅរកលោកអ្នកធំនោះក៏គួរដែរ តែយើងពុំអាចនឹងជួយធ្វើការងារក្នុងគ្រាគេមានធុរៈលើកដាក់នោះ ដាក់នេះបានឡើយ ព្រោះសម្លៀកបំពាក់យើងស្អាតល្អណាស់មិនគួរនឹងជួយធ្វើការគេទេ។
ចំណែកស្ត្រីវិញក៏គួរស្លៀកពាក់ឲ្យសមល្មមដូចមានអត្ថាធិប្បាយសម្រាប់បុរសខាងលើនេះដែរ។
៧-សម្លៀកបំពាក់នៅផ្ទះ
*អ្នកផ្ទះត្រូវមានរបៀប៣យ៉ាង:
១-បើពាក្យនោះមិនជាញាតិសាលោហិតទេមិនជាមិត្តសម្លាញ់ទេ ជាមនុស្សទើបនឹងស្គាល់គ្នាថ្មីៗ ជាមន្ត្រីក្តី ជាពាណិជ្ជករក្តី ជាជនសាមញ្ញក្តីហើយបានឱ្យដំណឹងមុនថានឹងមកលេងដើម្បីសេចក្តីសមគួរ ឬដើម្បីចងមេត្រីភាពទៅថ្ងៃមុខនោះ អ្នកផ្ទះគប្បីរៀបចំខ្លួនប្រាណឱ្យបានសមរម្យបម្រុងខ្លួនទទួលភ្ញៀវ។
២-បើភ្ញៀវនោះមិនបានឱ្យដំណឹងមុនទេ តែលោកជាក្សត្រិយ៍ ឬជាមន្ត្រីធំក្តី តូចក្តីធ្លាប់មានសេចក្តីរាប់អានជាយូរហើយ។ ផ្ទះបានឃើញស្ដេចយាងមកពីចម្ងាយឬយើងនៅផ្ទះហើយក្មេងបម្រើមកប្រាប់ថាព្រះអង្គម្ចាស់នោះ លោកនេះ លោកនោះស្ដេចយាងអញ្ជើញមកផ្ទះត្រូវរវាសរវៃ ស្លៀកពាក់ឱ្យសមរម្យចេញមកទទួល គឺត្រូវផ្លាស់សារុងចេញស្លៀកខោ ពាក់អាវ វិញ។(ត្រង់នេះក្រែងនៅផ្ទះស្លៀកសារុងខ្លួនទទេ) ។យើងស្លៀកត្រឹមតែខោចិនអាវចិនល្មមឬ ខោអាវភិស្សមាក៏បាន។
៣-បើភ្ញៀវជាបងប្អូនសាច់សារលោហិតជាមិត្តស្និទ្ធស្នាលធ្លាប់ឡើងចុះយប់ថ្ងៃអាស្រ័យគ្នាជិតដិតឥតប្រកាន់នោះ អ្នកផ្ទះគប្បី ពាក់តែអាវក៏បាន(ត្រង់នេះអាវអ្វីក៏បានកុំឱ្យតែខ្លួនទទេ)។
សូមចាំ÷ ការទទួលភ្ញៀវខ្លួនទទេមិនត្រូវទំនងសោះ មិនល្អមើលសោះ ព្រោះហាក់ដូចជាមើលងាយភ្ញៀវ។ ដែលថាខ្លួនទទេត្រង់នេះសំដៅចំពោះរូបបុរសទេ ក៏ប៉ុន្តែ បើប្រសិនជាស្ត្រីទទួលភ្ញៀវប្រុសពាក់តែអាវទ្រនាប់ គ្មានអាវក្រៅឬគ្មានដណ្ដប់ក្រមា ក៏នឹងត្រូវការនិន្ទា អំពីភ្ញៀវខ្លះមិនខាន។ តែបើមានអាវគ្រប់គ្រាន់ហើយនោះមិនចាំបាច់ដណ្ដប់ក្រមាថែមទៀតទេ។
(នៅមានត)ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត